បើកពិព័រណ៍ស្ទែម (STEM) និងការបង្ហាញស្នាដៃសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ឆ្នាំសិក្សា ២០២៥-២០២៦

31-03-2026 09:29

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ បានរៀបចំពិធីបើក “ពិព័រណ៍ស្ទែម (STEM) និងការបង្ហាញស្នាដៃសិស្ស ឆ្នាំសិក្សា ២០២៥-២០២៦” ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

ការរៀបចំពិព័រណ៍ស្ទែម (STEM) នាឱកាសនេះ មានគោលបំណង៖

ទី១- លើកកម្ពស់ការយល់ដឹង៖ ជំរុញឱ្យសិស្សានុសិស្សកាន់តែចាប់អារម្មណ៍លើមុខវិជ្ជា វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics)។
ទី២- ការបង្ហាញសមត្ថភាព៖ ផ្តល់វេទិកាសម្រាប់សិស្សានុសិស្សក្នុងការដាក់បង្ហាញនូវសមិទ្ធផល បច្ចេកទេស និងការពិសោធន៍ផ្សេងៗ ដែលពួកគេបានសិក្សា និងស្រាវជ្រាវកន្លងមក។
ទី៣- ការច្នៃប្រឌិត៖ បណ្តុះស្មារតីច្នៃប្រឌិត និងដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈការអនុវត្តផ្ទាល់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហេង សុភាណា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោក ខូយ រីដា និងបានកោតសរសើរយ៉ាងខ្លាំងចំពោះគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។

លោកបានសង្កត់ធ្ងន់ថា ការយល់ដឹងលើផ្នែកស្ទែម (STEM) គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចចំណេះដឹង។

លោក ហេង សុភាណា ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការរៀបចំពិព័រណ៍ស្ទែម (STEM)នេះ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចំណុចគន្លឹះសំខាន់ៗចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

បន្ទាប់ពីកិច្ចចាប់ផ្តើមជាផ្លូវការ លោកអភិបាលរងខេត្ត រួមជាមួយប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាដោយផ្ទាល់តាមស្តង់ពិព័រណ៍នីមួយៗ ដើម្បីស្វែងយល់ពីស្នាដៃពិសោធន៍ និងការបង្កើតថ្មីរបស់សិស្សានុសិស្ស ព្រមទាំងបានផ្តល់ការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរៀនសូត្រដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍខេត្តពោធិ៍សាត់ ក៏ដូចជាប្រទេសជាតិទាំងមូលនាពេលអនាគត៕