បណ្ឌិត ញិល រដ្ឋា៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី នឹងក្លាយជា «ឃ្លាំងបញ្ញាជាតិ»
31-03-2026 10:07
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី ក្នុងនាមគណៈប្រតិបត្តិ បានថ្លែងថា សមាគមនេះ នឹងក្លាយជា «ឃ្លាំងបញ្ញាជាតិ» មិនខានឡើយ។
លោកបណ្ឌិត បានបញ្ជាក់ថា «ការកកើតរបស់យើងនៅថ្ងៃនេះ គឺជាការត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជា «ឃ្លាំងបញ្ញាជាតិ» ដ៏រឹងមាំមួយ សម្រាប់ចូលរួមចំណែកផ្ដល់មតិយោបល់ និងចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរុងរឿង»។
លោកបណ្ឌិត ញិល រដ្ឋា បានថ្លែងបែបនេះ ក្នុងពិធីជួបជុំអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៉ី ឆ្នាំ២០២៦ ក្រោមវត្តមាន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោក អ៊ុន សាវន ប្រធានកិត្តិយស និងលោកស្រី ស៊ាង សុផល្លា ប្រធានក្រុមប្រឹក្សាភិបាល នៅសណ្ឋាគារ សុខា ភ្នំពេញ។
លោកបានបន្តថា សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ឬហៅកាត់ថា AKSSR មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋានគ្រឹះនៃ «មនោសញ្ចេតនា និងដឹងគុណ»។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ញិល រដ្ឋា បានបន្តថា ភ្ញៀវក្នុងពិធីជួបជុំនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងរុស្ស៊ី។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន រុស្ស៊ីបានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារាប់ពាន់នាក់ ដែលបច្ចុប្បន្នកំពុងបម្រើការងារយ៉ាងសកម្មក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងការងារស្រាវជ្រាវនានា។
ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៥ បញ្ញវន្តខ្មែរដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេសចំនួន ៣០រូប ក្រោមការដឹកនាំ ដោយលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ីបានរួមគ្នាកសាងមូលដ្ឋានគ្រឹះនៃ LIDEE Khmer (Ligue des Étudiants Khmers de l’Étranger)។ គោលដៅគឺច្បាស់លាស់៖ បង្កើតបរិយាកាសអព្យាក្រឹតសម្រាប់ស្រាវជ្រាវ ដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា។
ក្នុងនាមគណៈប្រតិបត្តិសមាគម លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក Anatoly Borovik និងលោកស្រី ដែលបានផ្តល់កិត្តិយសចូលរួម និងគាំទ្រសមាគមជានិច្ចកាល ដែលជាសក្ខីភាពនៃមិត្តភាពដែកថែបកម្ពុជា-រុស្ស៊ី ឥស្សរជនជាន់ខ្ពស់សប្បុរសជន រួមមាន សម្តេចមហាមន្ត្រី គុយ សុផល, លោកឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ និងលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ទោះបីមមាញឹកភារកិច្ច ប៉ុន្តែបានផ្តល់ការឧបត្ថម្ភយ៉ាងធំធេងដល់កម្មវិធី ផងដែរ៕





