លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចតេជោ ដឹកនាំក្រុមការងារមកពីជប៉ុន នាំសម្ភារៈសិក្សា និងថវិកាពីសប្បុរសជនចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ
31-03-2026 11:22
(ព្រះវិហារ)៖ លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ ព្រមទាំងសម្ភារៈសិក្សា និងថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមកចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការ ខេត្តព្រះវិហារ។
ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន ១៦គ្រួសារ វីរកងទ័ពចំនួន៦៣នាក់ និងសិក្សានុសិស្សជាកូនៗរបស់កងទ័ពចំនួន ១៦នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ។
ក្នុងឱកាសនោះផងដែរ លោក ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្ស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ចំពោះកងទ័ពជួរមុខ និងគ្រួសាររបស់ពួកគាត់។
លោកក៏បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពដែលប្រទេសជាតិទទួលបានសព្វថ្ងៃ គឺកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់យ៉ាងអស្ចារ្យរបស់វីរកងទ័ព ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះផងដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរសេនីយឯក ម៉ៅ សុវណ្ណ បញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តការសឹករងព្រះវិហា តំណាងឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហា និងក្រុមការងារ ដែលបានជួយសម្របសម្រួល និងគាំទ្រការអនុវត្តបេសកកម្មនេះឲ្យប្រព្រឹត្តទៅដោយជោគជ័យ។
ជាចុងក្រោយ លោកបានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភធនធាន និងសម្ភារៈផ្សេងៗតាមរយៈសមាគម ដើម្បីរួមចំណែកគាំទ្រដល់កងទ័ព និងសហគមន៍នៅតំបន់ជួរមុខ៕





























