ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានា ជូនអ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង
31-03-2026 12:00
(ពោធិ៍សាត់)៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានកិច្ចការឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ» ជូនដល់មន្ត្រីពាក់ព័ន្ធ ម្ចាស់រោងចក្រ និងសហគ្រាសធំៗ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះ ត្រូវបានធ្វឡើងនៅសាលប្រជុំមន្ទីរ ឧ.វ.ប.ន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គោលបំណងសំខាន់ៗ នៃសិក្ខាសាលាគឺដើម្បី៖
*ពង្រឹងការយល់ដឹង៖ បញ្រ្ជាបចំណេះដឹងផ្នែកច្បាប់ដល់ម្ចាស់រោងចក្រ សិប្បកម្ម និងអ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយអនុលោមភាព។
*ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៖ ធ្វើបច្ចុប្បន្នភាពអំពីលិខិតបទដ្ឋានគតិយុត្តថ្មីៗ សំដៅបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។
*ការលើកកម្ពស់ស្តង់ដារ៖ ជំរុញឱ្យការផលិត និងការកែច្នៃស្របតាមបទដ្ឋានបច្ចេកទេស និងសុវត្ថិភាព ដែលជាគ្រឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
បន្ទាប់ពីមតិស្វាគមន៍ របស់លោកអនុប្រធានមន្ទីរ ឧ.វ.ប.ន ខេត្ត និងលោកប្រធាននាយកដ្ឋានកិច្ចការឧស្សាហកម្មនោះរួចមក, លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់នេះ គឺមានគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់លាស់ ដល់អាជ្ញាធរមូលដ្ឋាន ពិសេសម្ចាស់អាជីវកម្ម អំពីកាតព្វកិច្ច និងនីតិវិធីច្បាប់ ដើម្បីធានាថាការដំណើរការរោងចក្រ និងសិប្បកម្ម មានភាពត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស និងសុវត្ថិភាព។
លោកបណ្ឌិតបានកោតសរសើរ ចំពោះសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ដែលកំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម។ ការអនុវត្តច្បាប់បានល្អប្រសើរ នឹងជួយបង្កើតបរិយាកាសវិនិយោគប្រកបដោយទំនុកចិត្ត ទាក់ទាញអ្នកវិនិយោគបន្ថែម ដែលជាកត្តាសំខាន់ក្នុងការបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។
ស្របតាមបេសកកម្មរបស់ក្រសួង លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការផលិត ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ឱ្យមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកបណ្ឌិត ទឹង ស៊ីនី បានផ្ដាំផ្ញើដល់ម្ចាស់រោងចក្រ និងសិប្បកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងការធានាសុខុមាលភាពកម្មករនិយោជិត ដែលជាកម្លាំងចលករមិនអាចខ្វះបាន។
ជាមួយគ្នានោះ លោកបណ្ឌិតបានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ត្រូវបន្តសម្របសម្រួល និងផ្តល់សេវាជូនបងប្អូនអាជីវករឱ្យបានរហ័ស ទាន់ចិត្ត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
លោកបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្វែងយល់ឱ្យបានស៊ីជម្រៅ នូវរាល់បទប្បញ្ញត្តិទាំងឡាយ ដើម្បីចៀសវាងនូវកំហុសឆ្គងអចេតនា ក្នុងការប្រកបអាជីវកម្ម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕






































