អគ្គលេខាធិការស៉ីកា៖ កម្ពុជាចូលរួមយ៉ាងសកម្ម ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិភាពនៅក្នុងពិភពលោក (Video inside)

31-03-2026 12:04

(ភ្នំពេញ)៖ លោក Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៉ី (ស៉ីកា) បានលើកឡើងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិភាពនៅក្នុងពិភពលោក។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឲ្យចូលជួបនៅវិមានសាមគ្គីភាព នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម (អគ្គលេខាធិការ) បានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងស៉ីកា ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាពនៅក្នុងពិភពលោក ដែលតួនាទីរបស់កម្ពុជា គឺជាតួនាទីដ៏សំខាន់ នៅក្នុងកិច្ចការងាររបស់ស៉ីកា»។

លោកក៏បានលើកឡើងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌកម្ពុជាជាមួយស៉ីកា ទាំងនៅក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្មជាដើម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី នៅក្នុងបរិបទកម្ពុជានិងស៉ីកា ក៏ដូចជាកម្ពុជានិងសមាជិកស៉ីកាផងដែរ។

លោកអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងកម្ពុជាឲ្យស្គាល់នូវពន្លឺសន្តិភាព រួមទាំងការបើកឆាកកម្ពុជាពង្រីកខ្លួនទៅកាន់សហគមន៍អន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា មានទាំងអាស៊ាន ហើយជាពិសេសបានចូលរួមចំណែកជាមួយស៉ីកាតែម្តង។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីតួនាទីស៉ីកា ដែលបានរួមចំណែកលើកកម្ពស់នូវសន្តិសុខ សន្តិភាពនៅលើពិភពលោក ក៏ដូចជាពិសេសនៅអាស៉ីតែម្តង។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះស៉ីកា ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៉ី រួមទាំងនៅលើពិភពលោក។ សម្តេចបានលើកឡើងថា តាមរយៈវេទិកាស៉ីកា បានរួមចំណែកតភ្ជាប់គ្នារវាងបណ្តាប្រទេសនៅក្នុងតបន់អាស៉ី ជាពិសេសអាស៉ីអាគ្នេយ៍ និងអាស៉ីកណ្តាល ដែលជាផ្នែកក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អ៕