ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យថេរវេលាពេលថ្ងៃ នៅលើភពផែន​ដី​កាន់​តែវែងជាងមុន

31-03-2026 12:58

(ភ្នំពេញ)៖ យោងតាមរបកគំហើញវិទ្យាសាស្ត្រថ្មីបំផុត ចុះផ្សាយ​ក្នុងខែមីនា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញនូវបាតុភូតដ៏គួរឱ្យកត់សម្គាល់ គឺការប្រែប្រួលអាកាសធាតុមិនត្រឹម​តែ​ជះឥទ្ធិពលដល់សីតុណ្ហភាព និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែធ្វើឱ្យ​រង្វិល​​អ័ក្ស​របស់ភពផែនដីមានដំណើរការយឺតជាងមុន ដែលជាហេតុធ្វើឱ្យ «ថេរវេលា​ពេល​ថ្ងៃ» មានការបន្លាយកាន់តែវែងជាងមុន។

យោងតាមការសិក្សាស្រាវជ្រាវរួមគ្នាដែលដឹកនាំដោយលោក Mostafa Kiani Sha​h​vandi នៃសាកលវិទ្យាល័យ Vienna នៃប្រទេសអូទ្រីស និងលោក Benedikt Soja នៃវិទ្យាស្ថាន ETH Zurich នៃប្រទេសស្វីស បានបង្ហាញថា បាតុភូតនៃការថយល្បឿន​រង្វិលអ័ក្សនេះ គឺបណ្តាលមកពីកត្តាស្នូលពាក់ព័ន្ធការរលាយទឹកកក ដែលធ្វើឱ្យ​មាន៖
១) ការបែងចែកម៉ាស់ឡើងវិញ៖ កំណើនកម្ដៅសកលបានពន្លឿនការរលាយយ៉ាង​សន្ធឹក​​សន្ធាប់​នៃផ្ទាំង​ទឹកកកនៅតំបន់ប៉ូល និងផ្ទាំងទឹកកកភ្នំ (Glaciers)។ ម៉ាស់ទឹក​ដ៏មហិមាដែលកកើតពីការរលាយនេះ បាន​ផ្លាស់ទីពីតំបន់ប៉ូលឆ្ពោះទៅប្រមូលផ្តុំនៅ​តំបន់​អេក្វាទ័រ ដែលធ្វើឱ្យកម្រិតទឹក​សមុទ្រ​កើន​ឡើង

២) ឥទ្ធិពលនៃសន្ទុះមុំ៖ ដើម្បីឱ្យសាធារណជនងាយស្រួលយល់ លោក Kiani Sha​hvandi បានធ្វើការប្រៀបធៀបផែនដីទៅនឹង «អ្នករាំរបាំលើទឹកកក»។ នៅពេលដែល​អ្នក​រាំកំពុងបង្វិលខ្លួន ហើយគាត់លាតសន្ធឹងដៃចេញក្រៅ ល្បឿននៃការបង្វិលខ្លួនរបស់​គាត់​នឹងថយចុះដោយស្វ័យប្រវត្តិ។ ដូចគ្នាដែរ ម៉ាស់ទឹកដ៏មហិមាដែលហូរទៅប្រមូល​ផ្តុំ​នៅ​តំបន់អេក្វាទ័រ គឺជាការ «លាតដៃ» របស់ផែនដី ដែលធ្វើឱ្យល្បឿននៃរង្វិល​អ័ក្ស​ថយ​ចុះក្នុងអត្រា ១,៣៣ មីលីវិនាទី ក្នុងមួយសតវត្សរ៍។

ដើម្បីធានាបាននូវភាពសុក្រឹត និងស្វែងយល់ពីប្រវត្តិសាស្ត្រនៃរង្វិលជុំផែនដី ក្រុម​អ្នក​ស្រាវជ្រាវបានវិភាគលើសមាសធាតុគីមីនៃផូស៊ីលសមុទ្រ ដើម្បីប្រើជាសូចនាករវាស់​ស្ទង់​កម្ពស់ទឹកសមុទ្រ ផ្គួបផ្សំជាមួយនឹងការអនុវត្ត គំរូគណិតវិទ្យា ដើម្បីទាញរកបម្រែ​បម្រួលនៃប្រវែងថ្ងៃ។

លទ្ធផលបង្ហាញថា ក្នុងរយៈពេល ៣,៦លានឆ្នាំកន្លងមក រង្វិលជុំរបស់ផែនដីតែង​មាន​ការប្រែប្រួលជានិច្ច ដោយសារកម្លាំងទាញនៃទំនាញព្រះច័ន្ទ និងដំណើរការភូគព្ភ​រូប​វិទ្យា នៅផ្នែកខាងក្នុងផែនដី។ ទោះជាយ៉ាងណាក៏ដោយ មានតែម្ដងគត់ក្នុងរយៈពេល ២លានឆ្នាំ គឺនៅចន្លោះឆ្នាំ២០០០ ដល់២០២០ ដែលភពផែនដីបានថយ​ល្បឿនក្នុង​សន្ទុះ​ដ៏ខ្លាំងក្លាបែបនេះ។

លោក Benedikt Soja បានសង្កត់ធ្ងន់ថា «អ្វីដែលយើងកំពុងសង្កេតឃើញនេះ គឺជា​លទ្ធផលផ្ទាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ» ពោល គឺវាជាឥទ្ធិពល​នៃ​សកម្ម​ភាពមនុស្សជាតិ។

ទោះបីជាការកើនឡើងរយៈពេលត្រឹមតែ ១,៣៣មីលីវិនាទី មិនអាចឱ្យយើងកត់​សម្គាល់​ដឹងនៅក្នុងការរស់នៅប្រចាំថ្ងៃនោះទេ ប៉ុន្តែសម្រាប់ពិភពបច្ចេកវិទ្យាទំនើប វាគឺជាបញ្ហា​ប្រឈមដ៏ស្មុគស្មាញបំផុតនោះគឺ៖

ការរអាក់រអួលនៃប្រព័ន្ធរក្សាពេលវេលាឱ្យសុក្រឹត៖ ហេដ្ឋារចនាសម្ព័ន្ធសកល ដូចជា​ប្រព័ន្ធ​អ៊ីនធឺណិត បណ្ដាញទូរគមនាគមន៍ និងប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែ​ពឹង​ផ្អែកលើ «នាឡិកាអាតូមិក» ដែលទាមទារភាពស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹង រង្វិល​របស់ផែនដី។ ការឃ្លាតគ្នានៃពេលវេលាត្រឹមតែមួយប្រភាគនៃវិនាទី អាចតម្រូវ​ឱ្យ​មានការកែសម្រួលប្រព័ន្ធទិន្នន័យទូទាំងពិភពលោក។

ហានិភ័យសម្រាប់នាវាចរណ៍អវកាស៖ សម្រាប់យានអវកាស រាល់ការគណនា​គន្លង​តារា​វិថីគឺត្រូវពឹងផ្អែកយ៉ាងតឹងរ៉ឹងលើចលនារបស់ផែនដី។ កំហុសឆ្គងត្រឹមតែមួយមីលីវិនាទី​ក្នុង​ការ​កំណត់ពេលវេលា អាចបណ្តាលឱ្យមានការឃ្លាតឆ្ងាយពីគោលដៅរាប់គីឡូម៉ែត្រ​ក្នុង​លំហ ដែលអាចគំរាមកំហែងដល់ជោគវាសនានៃបេសកកម្មអន្តរភព។

ជារួមមក ការដែលភពផែនដីបន្តថយល្បឿនរង្វិល គឺជាសញ្ញាព្រមានដ៏ម៉ឺងម៉ា​ត់បំផុត​មួយ​ពីធម្មជាតិ។ តាមការគណនា ផែនដីនឹងបន្តថយល្បឿនកាន់តែខ្លាំងថែមទៀត​នា​ពេលអនាគត ប្រសិនបើការឡើងកម្ដៅសកលនៅតែបន្ត និងមិនមានការ​ទប់ស្កាត់​ប្រកប​ដោយប្រសិទ្ធភាព។ ដូច្នេះការរក្សាស្ថិរភាពនៃពេលវេលា និងតុល្យភាព​នៃភព​ផែន​ដី ទាមទារនូវសកម្មភាពអាកាសធាតុជាបន្ទាន់ ដើម្បីធានានូវនិរន្តរភាពសម្រាប់​អរិយធម៌មនុស្សជាតិ និងភពផែនដីទាំងមូល៕