ជំនួបរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ហ័ងអាញ់ ហ្សាឡាយ ជាទិសដៅពង្រីកទំហំពាណិជ្ជកម្មក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម
31-03-2026 13:29
(ស្ទឹងត្រែង)៖ លោក ឌ័ន ង្វៀនឌឺក ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ័ងអាញ់ ហ្សាឡាយ ប្រទេសវៀតណាម បានអញ្ជើញគណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ជួបពិភាក្សាការងារជំរុញការវិនិយោគបន្ថែមនៅខេត្តស្ទឹងត្រែង ព្រមទាំងទស្សនកិច្ចរោងចក្រកែច្នៃសូត្រ (វត្ថុធាតុដើមបាននាំចូលពីខេត្តស្ទឹងត្រែង)។
ជំនួបពិភាក្សា បានរៀបចំនារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ហ័ងអាញ់ហ្សាឡាយ ស្តីពីគម្រោងដាំដំណាំឈើហូបផ្លែ និងដំណាំកសិ ឧស្សាហកម្មនៅខេត្តស្ទឹងត្រែង នៅខេត្តហ្សាឡាយ ប្រទេសវៀតណាម។
នៅក្នុងជំនួបពិភាក្សាដដែលនោះលោក សរ សុពុត្រា បានសម្តែងការអបអរសាទរ ចំពោះលោក ឌ័ន ង្វៀនឌឺក ដែលបានទទួលដីសម្រាប់វិនិយោគបន្ថែមជិត ២ ០០០ហិកតា តាមរូបភាពសហការវិនិយោគជាមួយក្រុមហ៊ុន PSMW ដែលបច្ចុប្បន្ន ក្រុមហ៊ុន ហ័ងអាញ់ ហ្សាឡាយ មានដីវិនិយោគ ដាំដំណាំឈើហូបផ្លែ និងដំណាំកសិ ឧស្សាហកម្មជិត ៣០០០ហិកតា។
លោក សរ សុពុត្រា បានជំរុញ និងលើកទឹកចិត្ត នៃការដាំដំណាំបន្ថែមលើផ្ទៃដីទើបទទួលបាននេះ ស្របតាម «កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយរដ្ឋបាលខេត្តមានការសម្របសម្រួលគ្រប់មធ្យោបាយដល់ក្រុមហ៊ុន បង្កលក្ខណៈងាយស្រួលដល់អាជីវករដើម្បីបង្កើនទំហំពាណិជ្ជកម្មមានការកើនឡើងនៅខេត្តស្ទឹងត្រែងលើការវិនិយោគវិស័យកសិកម្ម កសិ ឧស្សាហកម្ម និងទេសចរណ៍។
លោក ឌ័ន ង្វៀនឌឺក បានគូសបញ្ជាក់ផងដែរថា នៅលើផ្ទៃដីជិត ២ ០០០ហិកតានេះ មានគោលដៅចំនួន២ គឺការដាំដំណាំកាហ្វេ ដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ដូចយើងបានមកទស្សនាការផលិតកែច្នៃសូត្រ (វត្ថុធាតុដើមនាំចូលពីខេត្តស្ទឹងត្រែង) ហើយរោងចក្រនេះបានកែច្នៃសរសៃសូត្រជាផលិតផលសម្រេច។
លោក ឌ័ន ង្វៀនឌឺក បានចាត់ទុកថា ជំនួបរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង តាមការអញ្ជើញរបស់ក្រុមហ៊ុន ហ័ងអាញ់ ហ្សាឡាយ មកទស្សនកិច្ចរោងចក្រ ផលិតសរសៃសូត្រនាពេលនេះ គឺជាការទំនាក់ទំនងយ៉ាងល្អប្រសើរ ជាវិជ្ជមាន គាំទ្រ លើវិនិយោគិន នៃផ្ទៃដីដាំដំណាំកសិកម្ម កសិ ឧស្សាហកម្ម ហកឡើងគួរឱ្យកត់សម្គាល់ ខណៈពេលក្រុមហ៊ុន ហ័ង អាញ់ ហ្សាឡាយ នៅវៀតណាម ជាក្រុមហ៊ុនធំ វិនិយោគលើវិស័យកសិកម្មយ៉ាងពិតប្រាកដ៕
















