អភិបាលស្រុកស្ទោង ជំរុញអាជ្ញាធរឃុំ និងអង្គភាពពាក់ព័ន្ធ រៀបចំផែនការ៣ឆ្នាំរំកិល ដោយផ្ដោតលើជីវភាព និងតម្រូវការអាទិភាពរបស់ពលរដ្ឋ
31-03-2026 13:32
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញអាជ្ញាធរឃុំ និងការិយាល័យអង្គភាពជុំវិញស្រុកទាំងអស់ ត្រូវរៀបចំផែនការ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល សម្រាប់ឆ្នាំ២០២៧-២០២៩ របស់ខ្លួន ឱ្យមានភាពច្បាស់លាស់ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយផ្ដោតសំខាន់លើជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋានជាអាទិភាព។
ការជំរុញនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទោង។
ក្នុងកិច្ចប្រជុំនោះ លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចុះសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងកៀរគរធាតុចូលពីមូលដ្ឋានផ្ទាល់ ព្រមទាំងសហការជាមួយសប្បុរសជន ដៃគូអង្គការអភិវឌ្ឍន៍នានា និងជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធានាថា ផែនការដែលរៀបចំឡើងមានលក្ខណៈជាក់ស្តែង ឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ទាំងនេះ ត្រូវផ្តោតជាពិសេសលើវិស័យសំខាន់ៗ ដូចជា គម្រោងជំនួយសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវគមនាគមន៍ ដែលសុទ្ធសឹងជាវិស័យចាំបាច់សម្រាប់ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
លោកអភិបាលស្រុកក៏បានជំរុញបន្ថែមឱ្យការិយាល័យអង្គភាព និងរដ្ឋបាលឃុំ ត្រូវធ្វើការប្រជុំពិភាក្សា អនុម័ត និងឯកភាពគ្នាឱ្យបានច្បាស់លាស់លើផែនការរបស់ខ្លួន ដើម្បីធានាថា ការអនុវត្តកម្មវិធីវិនិយោគមាន សុក្រឹតភាព ត្រូវគោលដៅ និងស្របតាមបរិបទសង្គម សេដ្ឋកិច្ច វប្បធម៌ ព្រមទាំងឆ្លើយតបនឹងបរិយាកាសនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។ លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃ ការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីធានាថា រាល់គម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ និងមានអត្ថប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សាយ គឹមឡម ក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការធ្វើ បច្ចុប្បន្នភាពប័ណ្ណក្រីក្រ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ មានទំនួលខុសត្រូវ និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់គ្រួសារក្រីក្រ ដើម្បីធានាថា ការផ្ដល់ជំនួយសង្គមរបស់រាជរដ្ឋាភិបាលអាចទៅដល់អ្នកដែលត្រូវការពិតប្រាកដ។
មិនតែប៉ុណ្ណោះ លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារ សំអាតបរិស្ថានសាធារណៈ និងការធ្វើអនាម័យជាប្រចាំ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ព្រមទាំងត្រូវថែរក្សា និងការពារប្រព័ន្ធ សូឡា ដែលបានបំពាក់រួច និងរៀបចំបំពាក់ទង់ជាតិឱ្យបានស្រស់ស្អាត ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងបរិយាកាសរីករាយក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ជារួម ការណែនាំរបស់លោកអភិបាលស្រុកស្ទោងលើកនេះ ត្រូវបានគេមើលឃើញថា ជាការជំរុញដ៏សំខាន់មួយ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍន៍ឱ្យមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបចំគោលដៅរបស់ប្រជាពលរដ្ឋ ខណៈការលើកកម្ពស់ជីវភាពរស់នៅ សេវាសាធារណៈ និងសោភ័ណភាពមូលដ្ឋាន នៅតែជាកត្តាស្នូលក្នុងការអភិវឌ្ឍស្រុកស្ទោងឱ្យមានភាពរីកចម្រើនបន្ថែមទៀត៕



















