រកឃើញម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងកម្មវិធីសាលារៀនទឹកភ្លៀង ជុំទី២ ឆ្នាំ២០២៦ បានទៅលើសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី បាទី ខេត្តតាកែវ

31-03-2026 13:35

(ភ្នំពេញ)៖ ក្រុមសិស្សានុសិស្សមកពីវិទ្យាល័យប៊ុន រ៉ានី បាទី ខេត្តតាកែវ បានទទួលជ័យលាភីលេខ១ ក្នុងចំណោមសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៥ សម្រាប់ការប្រកួតប្រជែងកម្មវិធីសាលារៀនទឹកភ្លៀង ជុំទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសិល្បៈ សម្រាប់ភាពធន់នឹងអាកាសធាតុ»

ចំណែកម្ចាស់ជ័យលាភីលេខ២ បានទៅលើវិទ្យាល័យ ទួលប្រាសាទសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ រាជធានីភ្នំពេញ និងម្ចាស់ជ័យលាភីលេខ៣ បានទៅលើវិទ្យាល័យស្អាង មកពីស្រុកស្អាង ខេត្តកណ្តាល និងវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំរោង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ខណៈពិធីបិទ និងប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី បានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ម៉ម សារិត ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC)នៃរាជបណ្ឌិត្យសភាកម្ពុជា, សាស្ត្រាចារ្យ មូយ៉ុង ហានស្ថាបនិក Rain for All និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ សេអ៊ូល សាធារណរដ្ឋកូរ៉េ, លោកសាស្ត្រាចារ្យ ហង្ស រិទ្ធីរ៉ាវុធ អនុប្រធាន វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកជំនាញជាច្រើនរូបទៀត។

គំនិតផ្ដួចផ្ដើមនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) គាំទ្រពី MKCF-8 និងត្រូវបានអនុវត្តរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាដៃគូបច្ចេកទេសសំខាន់។ ក្នុងអំឡុងពេលអនុវត្តឆ្នាំ២០២៥-២០២៦ កម្មវិធីនេះមានបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលធន់នឹងអាកាសធាតុ ខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតសម្រាប់ផឹកសម្រាប់សិស្សានុសិស្ស និងសហគមន៍ជុំវិញ។

ការប្រកួតប្រជែងប្រព័ន្ធទឹកភ្លៀងសម្រាប់ផឹក (RFD) ណែនាំវិធីសាស្រ្តច្នៃប្រឌិតមួយដែលរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ ដើម្បីចូលរួមយ៉ាងសកម្មជាមួយសិស្សវិទ្យាល័យក្នុងការគ្រប់គ្រងទឹកប្រកប ដោយចីរភាព។ តាមរយៈគំរូសិក្សាតាមរយៈការសម្ដែងប្រកួត សិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងច្នៃប្រឌិត សម្រាប់ឱកាសឈ្នះប្រព័ន្ធ RFD ដែលមានសមត្ថភាពផ្ទុក ២០ម៉ែត្រគូប, ១៦ម៉ែត្រគូប និង ១២ម៉ែត្រគូប ដែលនឹងត្រូវដំឡើងនៅតាមសាលារៀនរបស់ពួកគេ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតសម្រាប់ផឹក។

លើសពីនេះ ប្រព័ន្ធ RFD បង្ហាញដែលមានទំហំ ៤០ម៉ែត្រគូប ត្រូវបានដំឡើងនិងកំពុងដាក់ឱ្យប្រើប្រាស់ នៅរាជបណ្ឌិត្យសភាកម្ពុជា (RAC)។ ប្រព័ន្ធនេះបម្រើជាមជ្ឈមណ្ឌលតាំងបង្ហាញ និងជាកន្លែងបណ្តុះបណ្តាលជាក់ស្តែង សម្រាប់វិស្វករ អ្នកស្រាវជ្រាវ និងនិស្សិតមកពីប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅតំបន់មេគង្គ។ វាគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងការផ្ទេរចំណេះដឹងលើការរចនា ការដំឡើង និងប្រតិបត្តិការនៃប្រព័ន្ធ RFD ដែលអនុវត្តនៅតាមសាលារៀនដែលចូលរួម។

ការប្រកួតប្រជែងប្រព័ន្ធទឹកភ្លៀងសម្រាប់ផឹក (RFD) មានគោលបំណងទី១៖ លើកកម្ពស់ការអប់រំពីការគ្រប់គ្រងទឹកប្រកបដោយចីរភាព ក្នុងចំណោមសិស្សថ្នាក់វិទ្យាល័យ តាមរយៈវិធីសាស្ត្ររៀនសូត្រតាមបែបចូលរួមនិងដោយភាពច្នៃប្រឌិត, ទី២៖ បង្កើនលទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព សម្រាប់ផឹកនៅតាមសាលារៀន តាមរយៈការដំឡើងប្រព័ន្ធប្រមូលទឹកភ្លៀង, ទី៣៖ លើកទឹកចិត្តដល់ភាពច្នៃប្រឌិត និងការចូលរួមរបស់សិស្ស តាមរយៈការរួមបញ្ចូលសិល្បៈវប្បធម៌ និងការយល់ដឹងផ្នែកវិទ្យាសាស្ត្រទាក់ទងនឹងនិរន្តរភាពទឹ, ទី៤៖ ពង្រឹងសមត្ថភាពបច្ចេកទេស និងការផ្ទេរចំណេះដឹង តាមរយៈមជ្ឈមណ្ឌលបង្ហាញ RAC និងសកម្មភាពបណ្តុះបណ្តាលសម្រាប់វិស្វករ និងសិស្សានុសិស្សនៅក្នុងតំបន់មេគង្គ និងទី៥៖ ពង្រីកគំរូសាលាភ្លៀងដោយភ្ជាប់សកម្មភាពអប់រំជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង នៅក្នុងសាលារៀន និងសហគមន៍ជុំវិញ។

ព្រឹត្តិការណ៍នេះតំណាងឱ្យដំណាក់កាលទីពីរ នៃការប្រកួតប្រជែងកម្មវិធីសាលារៀនទឹកភ្លៀង ដែល ប្រើប្រាស់ដំណើរការវាយតម្លៃលើការសម្ដែងសិល្បៈប្រកួតប្រជែងជ្រើសរើសសាលារៀនចំនួនប្រាំមួយ សម្រាប់ការដំឡើងប្រព័ន្ធ RFD នៅជុំទី២ ឆ្នាំ២០២៦នេះ៕