អភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យស្នងការរងខេត្តបន្ទាយមានជ័យ នាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ និងឱ្យដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស
31-03-2026 14:35
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជារឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សចំនួន៦នាក់ស្លាប់ (ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ និងឱ្យដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។
តាមលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សចំនួន៦នាក់ស្លាប់(ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស»។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំជាថ្មីទៀត ឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿនដើម្បីឈានទៅឃាត់ខ្លួនជនបង្ក ដោយលោកអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរងក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា៕





















