មន្ទីរសាធារណការខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃជាង៥០គ្រឿង នៅស្រុកត្បែងមានជ័យ
31-03-2026 14:57
(ព្រះវិហារ)៖ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានសហការជាមួយនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យ និងអាជ្ញាធរស្រុក ចុះអនុវត្តសកម្មភាពផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរគោយន្តកន្ត្រៃ ចំនួន ៥៣នាក់ នៅឃុំឈានមុខ ស្រុកត្បែងមានជ័យ។
សកម្មភាពនេះគឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការពារជីវិតប្រជាពលរដ្ឋ ដោយជំរុញឱ្យអ្នកបើកបរទាំងអស់ គោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។
ជាមួយគ្នានេះក្រុមការងារក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងធានាសុវត្ថិភាពលើដងផ្លូវឱ្យបានកាន់តែល្អប្រសើរឡើង។
ក្រុមការងារក៏បានធ្វើការបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ចំនួន៥៣គ្រឿង ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ពិសេសការធ្វើចរាចរណ៍នៅពេលយប់។ ជាមួយគ្នានេះ ក្រុមការងារក៏បានចែកឯកសារផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ រួមមាន៖
*សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០ក្បាល
*សៀវភៅ «អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង» ចំនួន ១០០ក្បាល
*ខិត្តប័ណ្ណ «អ្វីដែលអ្នកបើកបរត្រូវយល់ដឹង» ចំនួន ១០០សន្លឹក
*ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពកំណត់ទំហំទ្រុងរថយន្ត និងទំហំផ្ទុក ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពសម្រាប់អ្នកថ្មើរជើង ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពការចតរថយន្តនៅទីក្រុង ឬទីប្រជុំជន ចំនួន ១០សន្លឹក
*ផ្ទាំងរូបភាពសញ្ញាសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ចំនួន ១០សន្លឹក
*ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០សន្លឹក
*ស្ទីកឃ័រចំណាំងផ្លាត (ពណ៌ក្រហម) ចំនួន ៨០០សន្លឹក
*ប្រតិទិនស្តីពីផ្លាកសញ្ញាចរាចរណ៍ ចំនួន ០២ក្បាល៕




























