កម្ពុជា និងកូរ៉េខាងត្បូង ដាក់ឱ្យអនុវត្តគម្រោងតម្លៃ ១៣,៥លានដុល្លារ ពង្រឹងសមត្ថភាពស៊ើបអង្កេត និងធ្វើកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា
31-03-2026 15:20
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងមហាផ្ទៃ របស់កម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកំណត់ត្រានៃការពិភាក្សា (RD) សម្រាប់ «គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់មន្ត្រីនគរបាលកម្ពុជា។
ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េតាមរយៈ KOICA ដែលមានថវិកាសរុប ១៣,៥លានដុល្លារអាម៉េរិក គំនិតផ្តួចផ្តើមនេះ មានគោលបំណងធ្វើទំនើបកម្មការអនុវត្តច្បាប់របស់កម្ពុជា ដោយពង្រឹងជំនាញស៊ើបអង្កេតកម្រិតខ្ពស់ និងសមត្ថភាពកោសល្យវិច័យឌីជីថល។ RD ត្រូវបានចុះហត្ថលេខាដោយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើជាសាក្សីដោយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។
គម្រោងនេះមានលក្ខណៈយុទ្ធសាស្ត្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ (២០២៤-២០២៨) និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាពិសេសគម្រោងនេះ បានរួមចំណែកដោយផ្ទាល់ដល់អាទិភាពជាតិនៃការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការវិនិយោគលើការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងការជំរុញនវានុវត្តន៍ ដើម្បីលើកកម្ពស់ស្ថិរភាពជាតិ។
គំនិតផ្តួចផ្តើមនេះ រួមមានការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងវិទ្យាសាស្ត្រកោសល្យវិច័យដ៏ទំនើបមួយនៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា (PAC)។ ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការកែលម្អមន្ទីរពិសោធន៍ស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងកោសល្យវិច័យឌីជីថល នៅអគ្គស្នងការដ្ឋាននគរបាលជាតិ (GCNP) ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ជាពិសេស គម្រោងនឹងផ្តល់ការបណ្តុះបណ្តាលកម្រិតខ្ពស់លើជំនាញសំខាន់ៗដូចជា ការវិភាគ DNA, វិភាគជាតិពុល (Toxicology) និងកោសល្យវិច័យឌីជីថល រួមជាមួយការផ្តល់ជូននូវឧបករណ៍កោសល្យវិច័យទំនើបៗបំផុត។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់នគរបាលកម្ពុជា ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកយុទ្ធសាស្រ្តបនគរបាល ដែលមានមូលដ្ឋានលើភស្តុតាងប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈការបណ្តុះបណ្តាលកងកម្លាំងនគរបាលដែលមានជំនាញ និងចំណេះដឹងយ៉ាងល្អ គម្រោងនេះធានាថាការអនុវត្តច្បាប់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មក្នុងសម័យទំនើប និងធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោក គីម ឆាងយ៉ុង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ចំពោះសន្តិសុខនិងគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ លោកបានលើកឡើងថា គម្រោងដែលចុះហត្ថលេខានៅថ្ងៃនេះ គឺផ្នែកមួយដ៏សំខាន់នៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់កូរ៉េខាងត្បូង។ ជំនួយនេះបានបង្ហាញពីតថភាពជាមូលដ្ឋានដែលថា គ្មានប្រទេសណាមួយអាចកម្ចាត់បណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញបានដោយជោគជ័យតែម្នាក់ឯងនោះទេ។ មានតែតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការចែករំលែកព័ត៌មានជាប់លាប់ប៉ុណ្ណោះ ទើបយើងអាចលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនបាន។
គំនិតផ្តួចផ្តើមនេះក៏ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ិនធើណេតឆ្លងដែន។ ដោយផ្អែកលើភាពជោគជ័យនៃក្រុមការងាររួមដែលបានបង្កើតឡើងកាលពីឆ្នាំមុន បានបង្ហាញលទ្ធផលជាក់ស្តែងរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោកតាមអ៊ិនធើណេត គម្រោងនេះ ផ្តល់នូវគំរូប្រកបដោយនិរន្តរភាព ដើម្បីបង្កើនសុវត្ថិភាពសាធារណៈ។
ការគាំទ្ររបស់ KOICA គ្របដណ្តប់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការធ្វើទំនើបកម្មបច្ចេកទេស ការគាំទ្រគោលនយោបាយ និងកម្មវិធីកសាងសមត្ថភាពឯកទេស។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងភាពជាដៃគូ រវាងប្រទេសទាំងពីរដែលមានរយៈពេលជិត៣០ឆ្នាំ ខណៈដែលខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនឹងចូលមកដល់នៅឆ្នាំ២០២៧ខាងមុខនេះ។
តាមរយៈគំនិតផ្តួចផ្តើមនេះ KOICA បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីផ្លាស់ប្តូរទិដ្ឋភាពនៃការស៊ើបអង្កេតក្នុងស្រុក និងបង្កើតគំរូឈានមុខគេសម្រាប់ការបង្ការបទល្មើសក្នុងតំបន់៕












