ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ៖ ការផ្តល់សេវាសុខាភិបាល ត្រូវមានសមធម៌ ដោយមិនប្រកាន់ភាពខុសគ្នា រវាងអ្នកជំងឺ
31-03-2026 15:19
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ការផ្តល់សេវាសុខាភិបាលត្រូវមានសមធម៌ ដោយមិនប្រកាន់ភាពខុសគ្នារវាងអ្នកជំងឺឡើយ គោលដៅចម្បងរបស់យើង គឺការពារនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។
លោកបន្ដថា អ្នកជំងឺ មិនថាមានប័ណ្ណ បសស ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណក្រីក្រ ឬគ្មានប័ណ្ណក៏ដោយ មន្ត្រីផ្តល់សេវាត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដូចគ្នានឹងអ្នកមានលទ្ធភាពបង់ថ្លៃសេវា ដោយគោរពគោលការណ៍សមធម៌ និងត្រូវមានលេខរៀងសម្រាប់អតិថិជនមកទទួលសេវា។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ស្តីពីការពង្រឹងការងារ និងការផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើន រួមមាន អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យទាំង៤ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ថ្នាក់ដឹកនាំការិយាល័យស្រុកប្រតិបត្តិ ព្រមទាំងការចូលរួមតាមប្រព័ន្ធ Zoom ពីមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងមណ្ឌលសុខភាពផ្សេងៗ។
ក្នុងកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានថ្លែងបើក និងបិទ ក្នុងអង្គសិក្ខាសាលាថ្មីៗនេះ ដើម្បីណែនាំដល់មន្ត្រីសុខាភិបាល ឱ្យអនុវត្តចំណុចសំខាន់ៗ ដូចជា៖
* ការផ្តល់សេវាសុខាភិបាលសាធារណៈ ត្រូវធ្វើឱ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា និងមានគុណភាព
* ត្រូវមានមន្ត្រីប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង
* មន្ត្រីត្រូវកសាងទំនុកចិត្ត និងស្នាដៃ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿ
* ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងបដិសណ្ឋាកិច្ច
ជាមួយគ្នានេះ លោក គួង ឡូ ក៏បានថ្លែងផ្តោតសំខាន់លើការងារបញ្ជូនអ្នកជំងឺ និងណែនាំបន្ថែមនូវកិច្ចភារមួយចំនួនរួមមាន៖
* មូលដ្ឋានសុខាភិបាលដែលគ្មានរថយន្តសង្គ្រោះ ត្រូវសហការជាមួយមណ្ឌលដែលមាន ដើម្បីបញ្ជូនអ្នកជំងឺបន្ទាន់ ហើយមិនត្រូវធ្វើការងារដោយប្រថុយប្រថាន ត្រូវគិតអាយុជីវិតមនុស្សជាចម្បង
* រថយន្តសង្គ្រោះ ត្រូវប្រើប្រាស់ឱ្យត្រឹមត្រូវ មិនត្រូវដឹកអ្វីក្រៅពីអ្នកជំងឺ និងត្រូវបើកបរដោយប្រុងប្រយ័ត្ន
* មន្ត្រីប្រចាំការ ត្រូវមានវត្តមាន និងអង្គុយនៅទីតាំងងាយឃើញ
* ឱសថ សម្ភារៈ និងបរិក្ខារ ត្រូវត្រៀមបម្រុងឱ្យគ្រប់គ្រាន់
* ត្រូវពិនិត្យស្តុកឱសថជាប្រចាំ ដើម្បីជៀសវាងការខ្វះខាត
* មន្ត្រីគ្រប់គ្រងសេវាឯកជន ត្រូវចុះត្រួតពិនិត្យ និងតាមដានឱ្យបានសកម្ម
* មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវរក្សាអនាម័យ បរិស្ថានឱ្យស្អាត និងមានសោភ័ណភាព៕















