រដ្ឋលេខាធិការ ឈួន វិន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ

31-03-2026 15:21

(ភ្នំពេញ៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជារដ្ឋលេខាធិការទទួលបន្ទុក នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំខែមេសា របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការទទួលបន្ទុក លោកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះទាំង៣ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ការអនុវត្តផែនការសកម្មភាព ដែលអគ្គនាយកដ្ឋានសម្រេចបាននៅក្នុងខែមីនា និងទិសដៅត្រូវបន្តអនុវត្តនៅខែមេសា និងរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដើម្បីវាយតម្លៃពីលទ្ធផលការងារ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅជំរុញ និងពង្រឹងការអនុវត្តផែនការសកម្មភាពរួម និងការបំពេញតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត។

នាឱកាសនោះលោក ឈួន វិន ក៏បានផ្ដល់អនុសាសន៍ណែនាំ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋាន សូមបន្តបំពេញការងារទៅតាមតួនាទីភារកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធការងារខ្ពស់ ស្របតាមផែនការដែលបានគ្រោងទុក៕