រយៈពេល ៣ថ្ងៃ គណៈប្រតិភូ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាប៊ែលធី អន្តរជាតិ ជាង៤,០០០នាក់ បានមកទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ
31-03-2026 15:26
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦ គណៈប្រតិភូលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី៨ និងផ្នែកភាសាអង់គ្លេសទូទៅកម្រិត៨ នៃសាលាប៊ែលធី អន្តរជាតិ ជាង ៤,០០០នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ យ៉ាងកុះករ ដើម្បីឈ្វេងយល់ពីប្រតិបត្តិការនៃដំណើរការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អំឡុងឆ្នាំ១៩៩៧-១៩៩៨ ដែលបាននាំកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ បានដឹកនាំក្រុមការងារវិមានឈ្នះឈ្នះ ទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។
ក្នុងទស្សនកិច្ចនេះ សិស្សានុសិស្សបានសិក្សានៅទីតាំងសំខាន់ៗរួមមាន៖ សួនតេជោសន្តិភាព សារមន្ទីរតេជោសន្តិភាព និងសួនសុខដុមនីយកម្ម ដើម្បីយល់ដឹងពីនិយមន័យ និងគោលគំនិតនៃការកសាងវិមានឈ្នះឈ្នះ ដែលជានិមិត្តរូបរំលឹកដល់សមិទ្ធផលសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ទន្ទឹមនឹងនេះ ក៏មានការផ្សារភ្ជាប់ទៅនឹងការសម្រេចបាននូវការអភិវឌ្ឍជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើអាទិភាពគន្លឹះទាំង៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្រុមការងារមគ្គុទ្ទេសក៍នៃអង្គភាពសេនាតេជោ បានធ្វើបទឧទ្ទេសនាមយ៉ាងយកចិត្តទុកដាក់អំពីប្រវត្តិសាស្ត្រ និងដំណើរការសង្គ្រោះជាតិចេញពីរបបខ្មែរក្រហម ដោយផ្សារភ្ជាប់ទៅនឹងជីវិតដឹកនាំរបស់សម្តេចតេជោ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការដាក់ចេញនូវនយោបាយឈ្នះឈ្នះ នៅដើមឆ្នាំ១៩៩៦។ ខ្លឹមសារទាំងនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈចម្លាក់ សិលាចារឹក គំនូរ និងវត្ថុតាងប្រវត្តិសាស្ត្រនានាដែលតម្កល់នៅតួវិមាន។
គណៈប្រតិភូទាំងអស់បានសម្តែងនូវការគោរព និងដឹងគុណចំពោះវីរភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារមាតុភូមិ និងនាំមកនូវសន្តិភាពដល់ប្រជាជន។ ក្នុងបរិបទបច្ចុប្បន្ន សិស្សានុសិស្សបានបង្ហាញនូវការយល់ដឹង និងការសរសើរយ៉ាងខ្ពស់ចំពោះកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការរំលោភបំពានគ្រប់រូបភាព។
ការបន្តថែរក្សាមរតកសន្តិភាពនេះ គឺជាបេសកកម្មចម្បងបំផុតរបស់រាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការថែរក្សាសន្តិភាពនាពេលនេះ មិនត្រឹមតែជាការរក្សាសុខសន្តិសុខផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ ការគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានបន្សល់ទុកជាមូលដ្ឋានគ្រឹះផ្លូវច្បាប់។
ការឈរលើភាពត្រឹមត្រូវនៃបទដ្ឋានអន្តរជាតិ គឺជាខែលការពារដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងការប៉ុនប៉ងយាយីលើអធិបតេយ្យភាពជាតិ។ ក្នុងស្មារតីសាមគ្គីភាព និងការជឿជាក់លើរាជរដ្ឋាភិបាលដែលបានរួមសុខរួមទុក្ខជាមួយប្រជាជនជាច្រើនទសវត្សរ៍ ការរួមគ្នាកាពារទឹកដី និងសន្តិភាព គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីមោទនភាពជាតិ និងឧត្តមប្រយោជន៍មាតុភូមិ។
ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សចំនួន ៣,៩៨៥នាក់ បានបញ្ចប់ទៅដោយភាពជោគជ័យ និងវិន័យខ្ពស់។ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ វិមានឈ្នះ ឈ្នះ គ្រោងនឹងទទួលស្វាគមន៍សិស្សានុសិស្សថ្នាក់ទី១២ ប្រមាណ ៤,០០០នាក់បន្ថែមទៀតពី
សាលាប៊ែលធី អន្តរជាតិ ដើម្បីបន្តពង្រឹងស្មារតីស្នេហាជាតិ និងការយល់ដឹងអំពីតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិ៕
























