អភិបាលរងខេត្តពោធិ៍សាត់ ជំរុញអនុគណៈកម្មាធិការវិនិយោគខេត្ត ឱ្យពង្រឹងសមត្ថកិច្ច និងបង្កើនការទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តឱ្យកាន់តែច្រើន

31-03-2026 16:30

(ពោធិ៍សាត់)៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដំបូង ផ្តោតសំខាន់លើការពិភាក្សាការងារ របស់អនុគណៈកម្មាធិការវិនិយោគ ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងម៉ត់ចត់ លើរបៀបវារៈសំខាន់ៗ ចំនួន៣រួមមាន៖

ទី១-ការកែសម្រួលសមាសភាព អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការគ្រប់គ្រងវិស័យវិនិយោគក្នុងខេត្ត។
ទី២-ការធ្វើបទបង្ហាញសង្ខេប អំពីលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសមាជិក នៃអនុគណៈកម្មាធិការទាំងអស់ យល់ជ្រាបកាន់តែច្បាស់ អំពីនីតិវិធី និងការផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន។
ទី៣-ផ្តល់ឱកាសដល់សមាជិក នៃអនុគណៈកម្មាធិការវិនិយោគខេត្ត បានចូលរួមមតិយោបល់យ៉ាងផុសផុល ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញការវិនិយោគ មកកាន់ខេត្តពោធិ៍សាត់ឱ្យកាន់តែច្រើនឡើង។

ថ្លែងក្នុងមតិបូកសរុបបិទកិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា កិច្ចប្រជុំដំបូងនាថ្ងៃនេះ គឺជាជំហានដ៏សំខាន់បំផុត ក្នុងការជំរុញឱ្យអនុគណៈកម្មាធិការវិនិយោគខេត្ត ចាប់ផ្តើមដំណើរការការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែលថ្នាក់ជាតិបានប្រតិភូកម្មអំណាច ជូនមករដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានដាក់ចេញនូវអនុសាសន៍គន្លឹះៗមួយចំនួន ដល់អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវជំរុញរាល់ចរន្តការងារវិនិយោគ ឱ្យឆ្លងកាត់អង្គភាពច្រកចេញចូលតែមួយ ដើម្បីសម្រួលនីតិវិធីគ្រប់បែបយ៉ាង និងទាក់ទាញការវិនិយោគមកកាន់ខេត្តពោធិ៍សាត់ឱ្យកាន់តែច្រើនឡើង។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើ ការគ្រប់គ្រងទិន្នន័យអាជីវកម្ម ដោយត្រូវរៀបចំឱ្យមានបញ្ជីរាយនាមជាក់លាក់មួយ រាប់ទាំងក្រុមហ៊ុនដែលកំពុងមានសកម្មភាព និងក្រុមហ៊ុនដែលអសកម្ម ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ។ ជាមួយគ្នានោះ សមាជិកទាំងអស់ត្រូវពិនិត្យ និងយល់ឱ្យច្បាស់អំពីសិទ្ធិអំណាច និងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការខេត្ត ថាតើកម្រិតណាដែលយើងមានសិទ្ធិកំណត់ និងគ្រប់គ្រងបាន ដើម្បីធានាបាននូវការអនុវត្តការងារត្រឹមត្រូវតាមច្បាប់។

លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងពីកិច្ចសហការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលមាន លោក លៀង ពេជ្រ ជាប្រធាន ដើម្បីយើងមានឱកាសរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ៕