រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងរដ្ឋមន្ត្រី ហួត ហាក់ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

31-03-2026 18:45

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរយនាក់។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព័ត៌មានពិត ជាគ្រឹះនៃទំនុកចិត្តអន្តរជាតិ៖ ពេលដែលពិភពលោកឃើញព័ត៌មានពិតអំពីកម្ពុជា ពួកគេនឹងឃើញប្រទេសមួយដែលមានសន្តិភាព មានស្ថិរភាព និងមានឱកាស។ នេះជាមូលដ្ឋានសម្រាប់ ការទាក់ទាញវិនិយោគ និងទេសចរណ៍។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការពារព័ត៌មាន គឺការពារវិស័យទេសចរណ៍៖ ក្នុងសម័យបច្ចុប្បន្ន មុនភ្ញៀវទេសចរមកដល់ ប្រទេសណាមួយពួកគេធ្វើដំណើរតាមព័ត៌មាន មុន។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ វា អាចបំផ្លាញការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែប្រសិនបើយើងផ្សព្វផ្សាយការពិតអំពីភាពស្រស់ស្អាត វប្ប ធម៌ និងសុវត្ថិភាពរបស់កម្ពុជា នោះវានឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មាន អវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ នៅក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជាមជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ។ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។

ចំណែកលោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអរគុណដល់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបានចូលរួមចំណែកយ៉ាងសកម្មផ្សព្វផ្សាយព័ត៌មានល្អៗជាច្រើនពីគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងព័ត៌មាន គឺមិនអាចខ្វះគ្នាបាននោះទេ។ ដូច្នេះ វិស័យទេសចរណ៍ គឺខ្វះព័ត៌មាន មិនបានជាដាច់ខាត ត្រង់ចំណុចបើក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត នឹងផ្តល់តម្លៃយ៉ាងខ្ពស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និយាយជារួម និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀតផងដែរ៕