លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» នៃកាកបាទក្រហមកម្ពុជា (Video inside)

31-03-2026 20:00

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី កិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលពិធីនេះមានការចូលរួមដោយលោកស្រី Dorsha Nazemi Salman ប្រធានបេសកកម្មថ្មីនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC), លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក លោកស្រីជាច្រើនរូបទៀតផងដែរ។

កិច្ចចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «កិច្ចប្រជុំនេះគឺជាការបង្ហាញអំពីការរួមគ្នាគិតគូរជួយជំរុញឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា មានសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀត ប្រកបដោយភាពធន់ ព្រមទាំងការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ដែលនឹងកើតមានឡើងជាយថាហេតុ ដោយសារតែការផ្លាស់ប្តូររបត់នយោបាយ រួមជាមួយនឹងស្ថានភាពពិភពលោក ដែលវិវត្តន៍កាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន» ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។

មួយវិញទៀតលោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា៖ (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។

នៅក្នុងឱកាសនោះលោកស្រី Dorsha Nazemi Salman ប្រធានបេសកកម្មថ្មីនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកាកបាទក្រហមកម្ពុជា ចំពោះការប្តេជ្ញាចិត្តមិនងាករេក្នុងការបម្រើប្រជាជនដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

លោកស្រី Dorsha Nazemi Salman បានបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាពិសេសបន្ទាប់ពីសកម្មភាពនាខែកក្កដា និងខែធ្នូ។ ក្នុងអំឡុងពេលនេះ កាកបាទក្រហមកម្ពុជាបានបង្ហាញម្តងទៀតនូវសមត្ថភាពដ៏អស្ចារ្យក្នុងការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពអាសន្ន មិនថាតាមរយៈការផ្តល់ជំនួយសង្គ្រោះចាំបាច់ ការគាំទ្រដល់សហគមន៍រងគ្រោះ ឬការកៀរគរអ្នកស្ម័គ្រចិត្តនោះទេ។ វត្តមានរបស់អស់លោកអ្នកនៅមូលដ្ឋានផ្ទាល់ បានធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ជាមួយគ្នានេះលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ដែលមានរយៈពេលពេញមួយព្រឹក យើងខ្ញុំទាំងអស់គ្នាបានពិគ្រោះពិភាក្សា យ៉ាងផុលផុស តាមរយៈបទបង្ហាញសំខាន់ៗ រួមមានការងារអភិបាល និងការគ្រប់គ្រង, ការបំពេញការងារប្រកបដោយសុវត្ថិភាព, គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, និងទស្សនាទានស្តីពីការប្រារព្ធ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

លោកស្រីបានថ្លែងបន្តថា ចាប់តាំងពីឆ្នាំ២០១១មក កាកបាទក្រហមកម្ពុជា ខានពិគ្រោះអំពី «សាខាមានដំណើរការល្អ» តែទោះបីជាយ៉ាងណាមានសាខាមិនតិចទេ បានឈានឡើងជាសាខាមានដំណើរការល្អ ហើយមានភាពម្ចាស់ការខ្ពស់ទាំងផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ច និងគ្រប់គ្រង ស្របតាម មូលដ្ឋានគ្រឹះ សមត្ថភាព និងការបំពេញការងារ៕