សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ លើកពីប្រវត្តិបុណ្យព្រហ្មទាន ដែលមានតាំងពីឆ្នាំ១៩៥០

31-03-2026 21:39

(ភ្នំពេញ)៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានលើកពីប្រវត្តិបុណ្យព្រហ្មទាន ដែលធ្វើជាទម្លាប់តាំងពីឆ្នាំ១៩៥០។

សម្តេចបានឲ្យដឹងបែបនេះ ក្នុងឱកាសពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បានរួមសហការប្រារព្ធពិធីបុណ្យព្រហ្មទាន ដើម្បីអបអរសាទរ និងប្រគល់រង្វាន់ជ័យលាភីលេខ១ លេខ២ និងលេខ៣ ដល់សមណសិស្ស សិស្ស ឆ្នើមទាំង ១៥៦រូប ដែលបានខិតខំប្រឹងប្រែងសិក្សា នៅឆ្នាំសិក្សា២០២៤-២០២៥ និង ២០២៥-២០២៦។

ពិធីនេះក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងវត្តមានរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គាធិការរង ព្រះប្រធានផ្នែក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជាគណៈ ព្រះចៅអធិការទាំង១៥ ជាគណៈប្រឹក្សាភិបាលសាលា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមហាឧបាសក អគ្គមហាឧបាសិកា លោកគ្រូ អ្នកគ្រូ សរុបចំនួន ៦៥០អង្គ-នាក់។

សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ មានថេរដីកាថា បុណ្យព្រហ្មទាន គឺជាបុណ្យដ៏វិសេសមួយញ៉ាំងសេចក្តីជ្រះថ្លានៃពុទ្ធបរិស័ទឱ្យកាន់តែមុតមាំឡើងក្នុងព្រះពុទ្ធសាសនា ជាកេរមរតកដ៏ប្រសើរនៃបុព្វបុរសយើង សម្រាប់រឹតចំណងសាមគ្គីរវាងពុទ្ធសាសនិកជនឱ្យជិតស្និទ្ធជាប់លាប់ ឋិតថេរយូរអង្វែងក្នុងការជួយទ្រទ្រង់ក្នុងវិស័យពុទ្ធិកសិក្សា។

ការប្រារព្វពិធីបុណ្យព្រហ្មទាននេះ មានគោលបំណង៖

*ដើម្បីអបអរសាទរ និងលើកទឹកចិត្តសមណសិស្សជ័យលាភី ឱ្យមានបីតិប្រាមោជ្ជ ជាបច្ច័យនាំឱ្យមានមនោគតិស្ទុះទៅរកចំណេះវិជ្ជាឱ្យបានកើតកើនចម្រើនដុះដាលតទៅទៀត។

*ដើម្បីរំលឹកឡើងវិញនូវប្រពៃណីនៃការចូលរួមសហការយ៉ាងល្អរវាងគណៈគ្រប់គ្រងពុទ្ធិកសិក្សា ជាមួយនឹងពុទ្ធសាសនិកជន ក្នុងការចូលរួមចំណែកជួយទ្រទ្រង់ដល់វឌ្ឍនភាពសាលាពុទ្ធិកសិក្សា។

*ដើម្បីលើកតម្លៃនៃការរៀនសូត្រក្នុងសាលានេះ ឱ្យប្រព្រឹត្តទៅ ដោយសុវត្ថិភាពក្នុងអនាគត។

*ដើម្បីញ៉ាំងឆន្ទៈសមណសិស្សគ្រប់ថ្នាក់ទាំងបច្ចុប្បន្ន និងអនាគត ឲ្យខំប្រឹងសង្វាត រៀនសូត្រ ពុំធ្វេសប្រហែស ដោយមានជំនឿថាការរៀនសូត្រក្នុង សាលានេះ នាំឱ្យពុទ្ធ បរិស័ទទាំងឡាយពេញចិត្តជ្រះថ្លាអបអរសាទរ ដោយសម្គាល់ ថាការសិក្សាគឺជាកម្លាំងមួយផ្នែក អាចនឹងនាំសាធារណជនបែរមុខ ឆ្ពោះទៅរកសីលធម៌ វឌ្ឍនធម៌ និងអារ្យធម៌ដោយលំដាប់។

ដើម្បីសម្រេចបាននូវគោលបំណងនេះ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានរួមសហការជាមួយពុទ្ធិកសមាគមកម្ពុជរដ្ឋរៀបចំពិធីបុណ្យនេះឡើង ដោយហេតុថាពុទ្ធិកសមាគមធ្លាប់មានសាវតារដ៏យូរលង់ណាស់មកហើយ ក្នុងការជួយឧបត្ថម្ភដល់ពិធីបុណ្យព្រហ្មទានរបស់សាលា តាំងពីជំនាន់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) មកម្ល៉េះ។

ចាប់ពីឆ្នាំ១៩៥០ រៀងមក សមាគមមិត្តសាបាលី និងតមកសមាគមមិត្តពុទ្ធិកវិទ្យាល័យ បានដឹកនាំពុទ្ធបរិស័ទរៀបចំពិធីបុណ្យព្រហ្មទាន ប្រគេនរង្វាន់សមណសិស្ស/សិស្សនៅសាលា បាលីជាន់ខ្ពស់ និងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាប់ជានិយាមស្ទើររាល់ឆ្នាំ ដោយមានព្រះករុណាជាអម្ចាស់ជីវិត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យនេះផងដែរ។ ក្រោយពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបិទទ្វារនៅខែមេសា ឆ្នាំ១៩៧៥ ពិធីបុណ្យនេះក៏ត្រូវអាក់ខានធ្វើរហូតមក។

បន្ទាប់ពីពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបើកទ្វារដំណើរការឡើងវិញនៅឆ្នាំ១៩៩៣ នៅឆ្នាំ២០០៦ ក្រោមការដឹកនាំរបស់ សម្តេចព្រះឧត្តមមុនី ហេង លាងហោ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបានដឹកនាំរៀបចំធ្វើពិធីបុណ្យព្រហ្មទាននេះឡើងវិញជាលើកដំបូង និងឆ្នាំជាបន្តបន្ទាប់មកទៀត ដោយមានការឧបត្ថម្ភពីពុទ្ធិកសមាគម កម្ពុជរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ ព្រះបិដកធម្ម ម៉ៅ នីមដោយមានការឧបត្ថម្ភពីពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបានរៀបចំធ្វើពិធីបុណ្យព្រហ្មទានក្រោមព្រះរាជាធិបតីភាព សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនរង្វាន់ ដល់សមណសិស្ស ជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៥ សរុបចំនួន ២៦៤រូប។

ចាប់ពីឆ្នាំ២០២០មក បន្ទាប់ពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានទទួលតួនាទីជាព្រះនាយក ដោយទទួលបានព្រះរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះអគ្គាធិការ ព្រះ អគ្គាធិការរង និងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការឧបត្ថម្ភពីពុទ្ធិកសមាគមកម្ពុជរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានដឹកនាំធ្វើបុណ្យព្រហ្មទានចំនួន ៣ លើក និងគម្រប់ ៤ លើកក្នុងឆ្នាំនេះគឺ៖

*លើកទី១៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានរៀបចំធ្វើពិធីបុណ្យព្រហ្មទាន ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរង ទទួល បន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង លោកបណ្ឌិត ជា ចាន់តូ អតីតអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ដើម្បីប្រគេនទេយ្យទានដល់សមណសិស្ស ជ័យ លាភីប្រចាំឆ្នាំពី លេខ១ ដល់លេខ៣ សរុបចំនួន ៧២រូប ព្រមទាំងប្រគេន ជូនទេយ្យវត្ថុ និងបច្ច័យ៤ ដល់គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យ ចំនួន ១៤រូប មន្ត្រីបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៨៦រូប សមណសិស្សចំនួន ១០១៨ រូប និងគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សាទូទាំងប្រទេស ចំនួន ៥២រូប។

*លើកទី២៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានរៀបចំធ្វើពិធីបុណ្យព្រហ្មទាន ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សនព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេងព្រះសង្ឃនាយករងទី១ និងជាព្រះអគ្គាធិការរងទទួលបន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីប្រគេនទេយ្យទានដល់សមណសិស្ស ជ័យ លាភីប្រចាំឆ្នាំពីលេខ១ ដល់លេខ៣ សរុបចំនួន ៧២រូប ព្រមទាំងប្រគេន ជ័យលាភីសម្រាប់វគ្គបណ្តុះបណ្តាលជំនាញភាសាបាលី ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន ១៨រូប និងប្រគេនជូនទេយ្យវត្ថុ និងបច្ច័យ៤ ដល់មន្ត្រីបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ១១១រូប។

*លើកទី៣៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានរៀបចំធ្វើពិធីបុណ្យព្រហ្មទាន និងពិធីបុណ្យតបគុណគ្រូ ក្រោមព្រះអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីប្រគេនទេយ្យទានដល់សមណសិស្ស ជ័យ លាភីប្រចាំឆ្នាំពី លេខ១ ដល់លេខ៣ សរុបចំនួន ៧២រូប ព្រមទាំងប្រគេនជូនទេយ្យវត្ថុ និងបច្ច័យ៤ ដល់គណៈគ្រប់គ្រង មន្ត្រីបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ១១៨រូប។

ដោយឡែក នៅក្នុងវរោកាសលើកទី៤នេះ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបានរៀបចំធ្វើបុណ្យព្រហ្មទាន ក្រោមព្រះអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនរង្វាន់ដល់សមណសិស្សទទួលជ័យ លាភី ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ សម្រាប់ឆ្នាំសិក្សា២០២៤–២០២៥ ចំនួន ៧២ រូប និងឆ្នាំសិក្សា២០២៥– ២០២៦ ចំនួន ៦៦ រូប ព្រមទាំងសមណសិស្សជ័យលាភីលេខ១ ក្នុងវគ្គបណ្តុះបណ្តាល ជំនាញ ភាសាបាលីចំនួន ១៨ រូប, សរុបទាំងអស់ចំនួន ១៥៦ រូប៕