សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ផ្តាំសមណសិស្សគ្រប់អង្គ យកព្រះទ័យទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការប្រតិបត្តិធម៌វិន័យ

01-04-2026 07:35

(ភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានថេរដីកាស្នើ និងផ្តាំផ្ញើសមណសិស្សគ្រប់អង្គ សូមឱ្យយកព្រះទ័យទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការប្រតិបត្តិធម៌វិន័យ។

ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បានរួមសហការប្រារព្ធពិធីបុណ្យព្រហ្មទាន ដើម្បីអបអរសាទរ និងប្រគល់រង្វាន់ជ័យលាភីលេខ១ លេខ២ និងលេខ៣ ដល់សមណសិស្ស សិស្ស ឆ្នើមទាំង ១៥៦រូប ដែលបានខិតខំប្រឹងប្រែងសិក្សា នៅឆ្នាំសិក្សា២០២៤-២០២៥ និង ២០២៥-២០២៦។

ពិធីនេះក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងវត្តមានលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គាធិការរង ព្រះប្រធានផ្នែក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជាគណៈ ព្រះចៅអធិការទាំង១៥ ជាគណៈប្រឹក្សាភិបាលសាលា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមហាឧបាសក អគ្គមហាឧបាសិកា លោកគ្រូ អ្នកគ្រូ សរុបចំនួន ៦៥០អង្គ-នាក់។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានថេរដីកាបញ្ជាក់ថា «ខ្ញុំព្រះករុណា សូមទាញចំណាប់អារម្មណ៍សមណសិស្សគ្រប់អង្គ សូមឱ្យយកព្រះទ័យទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការប្រតិបត្តិធម៌វិន័យរបស់ព្រះដ៏មានព្រះភាគ ដើម្បីនាំមកនូវគុណតម្លៃព្រះពុទ្ធសាសនាឲ្យបានល្អផូរផង់ជាអង្វែងតទៅ»

នាឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានថេរដីកាបន្តថា ការជួបជុំគ្នាយ៉ាងច្រើនពីសំណាក់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ក្នុងពេលនេះ បង្ហាញឱ្យឃើញច្បាស់ពីការឯកភាពនិងសហការគ្នាក្នុងចេតនាជាបុណ្យកុសល ដើម្បីរៀបចំពិធីបុណ្យព្រហ្មទាននេះឡើង ដែលអាចបញ្ជាក់បានពីសទ្ធាជ្រះថ្លាដ៏មោះមុត និងជឿជាក់ក្នុងព្រះពុទ្ធសាសនា ជាពិសេសវត្តមានរបស់លោករដ្ឋមន្ត្រី ក្នុងនាមសមាជិករាជរដ្ឋាភិបាលមួយរូប កាន់តែបង្ហាញឱ្យឃើញពីការសាមគ្គី ឯកភាពគ្នាយ៉ាងល្អរវាងពុទ្ធចក្រ និងអាណាចក្រ ដែលតាមរយៈនេះយើងសង្ឃឹមជឿជាក់ថា ចាប់ពីពេលនេះតទៅវិស័យទាំងពីរនឹងរីកចម្រើនឈានឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានលើកឡើងពីព្រះទ័យខ្វល់ខ្វាយរបស់សម្ដេច និងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, ជាពិសេស សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាបន្តបន្ទាប់ដោយគិតគូរពីវិស័យពុទ្ធិកសិក្សា, ជាពិសេសក្នុងពេលដែលប្រទេសយើងកំពុងប្រឈមនឹងបញ្ហាឈ្លានពានពីទាហានសៀមនៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជា ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលមានវត្តមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងត្រូវភៀសសឹកទៅកាន់តំបន់សុវត្ថិភាព។ កត្តានេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការសិក្សារៀនសូត្ររបស់សមណសិស្សពុទ្ធិកសិក្សាយើង ស្ថិតក្នុងស្ថានភាពមួយមិនច្បាស់លាស់ ដោយពេលខ្លះអាចចូលរៀនបាន ហើយពេលខ្លះទៀតមិនអាចចូលរៀនបាន។ សម្តេច ព្រះអគ្គាធិការ ព្រះអគ្គាធិការរង និងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិគ្រប់រូប បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបង្កលក្ខណៈយ៉ាងណាឱ្យវិស័យពុទ្ធិកសិក្សារបស់យើង នៅតែអាចបន្តដំណើរការរបស់ខ្លួនជាប់រហូតមកដល់សព្វថ្ងៃ បើទុកជាជួបការលំបាកយ៉ាងណាក្ដី។

តាមរយៈថេរដីកាស្វាគមន៍របស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អម្បាញ់មិញនេះ គឺបានបង្ហាញពីសកម្មភាពនៃការគ្រប់គ្រងនិងដឹកនាំ ពីដំណាក់ កាលមួយទៅដំណាក់កាលមួយប្រកបដោយជោគជ័យ ធ្វើឲ្យដំណើរការសិក្សារបស់សមណសិស្ស សិស្ស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ រហូតមានសមណសិស្សជាប់ជ័យលាភី សិស្សពូកែ ភាសាបាលី-សំស្ក្រឹត និងសមណសិស្សទទួលបាននិទ្ទេស(A) ជាដើម។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានថ្លែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យនេះ ក៏ដូចជាគណៈគ្រប់គ្រងនៃពុទ្ធិកសិក្សាទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងពុះពាររាល់ការលំបាក ធ្វើឲ្យវិស័យពុទ្ធិកសិក្សាយើងបន្តនិរន្តរភាពជាប្រក្រតីរហូតមក។

មួយវិញទៀត សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលតែងតែឧបត្ថម្ភទេយ្យវត្ថុដល់សមណសិស្សជ័យលាភីលេខ១, អគ្គមហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង តែងតែឧបត្ថម្ភទេយ្យវត្ថុដល់សមណសិស្សជ័យលាភីលេខ២ និងឧកញ៉ា ឃុន ម៉េង លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សួង ខាហ្គិច អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឡុង ប៊ុនយ៉េន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សួង ខាងីន តែងតែឧបត្ថម្ភទេយ្យវត្ថុដល់សមណសិស្សជ័យលាភីលេខ ៣ ជារៀងរាល់ឆ្នាំ ហើយថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះគណៈគ្រប់គ្រងវត្តទាំង ១៥ ជាគណៈប្រឹក្សាភិបាលសាលា ដែលតែងចូលរួមសហការទាំងស្មារតីនិងថវិកា ក្នុងការលើកកម្ពស់ការសិក្សារបស់សមណសិស្សដែលស្នាក់អាស្រ័យក្នុងវត្តនានា ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រក្នុងកម្មវិធីបុណ្យព្រហ្មទានរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនាពេលនេះ ប្រកបដោយបុណ្យកុសលដ៏ថ្លៃថ្លាបំផុត ។

ក្នុងនាមសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សូមគាំទ្រនិងកោតសរសើរដោយស្មោះ ចំពោះពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើងនិងសូមវាយតម្លៃខ្ពស់ចំពោះវត្តមានដ៏វិសេសវិសាលរបស់ រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាដែលលោក គឺជាពុទ្ធសាសនូបត្ថម្ភក៍ដ៏ប្រពៃតែងជួយឧបត្ថម្ភចំពោះព្រះពុទ្ធសាសនាយើង។ ជាក់ស្តែង រាល់កិច្ចកម្មវិធីនានានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត លោកនិងភរិយា តែងមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភជាបន្តបន្ទាប់មិនដែលខកខានឡើយ៕