សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បង្ហាញសាវតារពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានអាយុកាលជាង ១០០ឆ្នាំ
01-04-2026 09:38
(ភ្នំពេញ)៖ ក្នុងឱកាសពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមសហការប្រារព្ធពិធីបុណ្យព្រហ្មទាន ដើម្បីអបអរសាទរ និងប្រគល់រង្វាន់ជ័យលាភីលេខ១ លេខ២ និងលេខ៣ ដល់សមណសិស្ស សិស្ស ឆ្នើមទាំង ១៥៦រូប ដែលបានខិតខំប្រឹងប្រែងសិក្សា នៅឆ្នាំសិក្សា២០២៤-២០២៥ និង ២០២៥-២០២៦ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានបង្ហាញសាវតារនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ពិធីនេះក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងវត្តមានរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គាធិការរង ព្រះប្រធានផ្នែក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជាគណៈ ព្រះចៅអធិការទាំង១៥ ជាគណៈប្រឹក្សាភិបាលសាលា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមហាឧបាសក អគ្គមហាឧបាសិកា លោកគ្រូ អ្នកគ្រូ សរុបចំនួន ៦៥០អង្គ-នាក់។
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ មានថេរដីកាថា៖
តាំងពីព្រះពុទ្ធសាសនាផ្សាយចូលមកប្រតិស្ឋានក្នុងប្រទេសកម្ពុជា ការសិក្សាព្រះត្រៃបិដក គឺភាសាបាលី ក៏មានជាប់តមកជាបវេណីពុំដែលលស់ខានឡើយ។ ប៉ុន្តែការសិក្សានោះអាស្រ័យដោយសទ្ធាជ្រះថ្លារបស់ភិក្ខុសាមណេរតាមវត្តនីមួយៗ ពុំទាន់មានការរៀបចំជាប្រព័ន្ធសិក្សាច្បាស់លាស់នៅឡើយទេ។ យូរៗទើបមានរៀបចំសម័យប្រឡងម្តង ហៅថា ប្រឡងដេញប្រយោគ ស្ថិតក្រោមព្រះបរមរាជូបត្ថម្ភរបស់ព្រះករុណាជាអម្ចាស់ជីវិត។
លុះដល់ឆ្នាំ១៩០៩ តាមព្រះរាជយោបល់នៃសម្តេចព្រះមហាសង្ឃរាជ និល ទៀង ដោយព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់យល់ព្រមផង បានព្រះបរមរាជានុញ្ញាតឱ្យបង្កើតសាលាបាលី ២ កន្លែង តាមព្រះរាជប្រកាសលេខ៤៥ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ គឺសាលាបាលីទី១ មានឈ្មោះថា មន្ទីរបរិយត្តិបរមពុទ្ធវចនៈ នៅវត្តព្រះកែវមរកត ក្រុងភ្នំពេញ និងសាលាបាលីទី២ មានឈ្មោះថា ប្រាសាទបរិយត្តិបរមពុទ្ធវចនៈ នៅត្រង់មុខនាគ ខេត្តសៀមរាប។
សាលាបាលីទី១ នៅក្រុងភ្នំពេញ មានត្រឹមតែឈ្មោះក្នុងព្រះរាជប្រកាសប៉ុណ្ណោះ ពុំទាន់កើតចេញជារូបរាងនៅឡើយ។ ឯសាលាបាលីទី២ នៅខេត្តសៀមរាប បានបើកសម្ពោធឱ្យសិក្សាជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩០៩ និងបន្តរហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩១១ ក៏ត្រូវបិទទ្វារលែងឱ្យមានដំណើរការដរាបមក ព្រោះសាលាបាលីដែលបង្កើតឱ្យមាននៅទីនោះ មិនអាចធ្វើដំណើរទៅកាន់វឌ្ឍនភាពបាន ព្រោះទីតាំងមិនប្រកប ដោយលក្ខណសម្បត្តិគ្រប់គ្រាន់។
តពីនោះមក នៅឆ្នាំ១៩១៤ ព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់ព្រះបរម រាជានុញ្ញាតឱ្យបង្កើតមន្ទីរបរិយត្តិ ១ ទៀត នៅក្រុងភ្នំពេញ ហៅឈ្មោះខ្លីថា សាលាបាលី តាមព្រះរាជប្រកាសលេខ៨៥ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩១៤ ដោយទ្រង់សព្វព្រះរាជហឫទ័យព្រះរាជទាន មន្ទីរព្រះសទ្ធម្ម និង ថែវខាងលិច (ត្រង់ប៉ែកខាងត្បូង) នៃវត្តព្រះកែវមរកត ធ្វើជាកន្លែងសិក្សាបណ្ដោះអាសន្ន ព្រមទាំងរៀបចំពិធីបុណ្យសម្ពោធបើកការសិក្សាជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិត។ សាលាបាលីនេះឯង គឺជាកំណើតដើមនៃពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ដែលមានវឌ្ឍនភាពចម្រើនឡើងជាលំដាប់តមក។
នៅឆ្នាំ១៩២០ រាជការបានស្ថាបនាគ្រឹះស្ថាន ១ ខ្នង មានកំពូលស្រួចសម្រាប់សាលាបាលីនៅជ្រុងផ្សារសួន។ លុះស្ថាបនារួចរាល់ នៅឆ្នាំ១៩២២ បានរើសាលាបាលីចេញពីវត្តព្រះកែវមរកត មករៀបចំការសិក្សានៅគ្រឹះស្ថានថ្មីនេះ ហើយបានកែប្រែឈ្មោះទៅជា សាលាបាលីជាន់ខ្ពស់ និងបានកែប្រែរបៀបសិក្សាខ្លះ តាមអំណាចព្រះរាជប្រកាសលេខ៧៥ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ដើម្បីឱ្យមានវឌ្ឍនភាពស្របតាមដំណើរវិវត្តនៃអាណាចក្រ។ នៅឆ្នាំ១៩២៥ រាជការបានបង្កើត ព្រះរាជបណ្ណាល័យកម្ពុជា ហើយបានយកទីតាំងសាលាបាលីជាន់ខ្ពស់ធ្វើជាទីស្នាក់ការ និងបានប្រគល់ សាលាបឋមសិក្សាបារាំង–ខ្មែរ ហៅថា សាលាផ្សារសួន បង្វែរឱ្យមកជាសាលាបាលីជាន់ខ្ពស់វិញ។
ប៉ុន្តែដោយពេលខ្លីនឹងរើរៀបចំពុំទាន់ សាលាបាលីជាន់ខ្ពស់ក៏ត្រូវលើកត្រលប់ទៅឯវត្តព្រះកែវមរកតម្តងទៀត ជាការបណ្តោះអាសន្ន។ ដល់ឆ្នាំ១៩២៦ ទើបបានលើកការសិក្សាចេញពីវត្តព្រះកែវមរកត ត្រលប់មកកាន់សាលាផ្សារសួនវិញ ជាប់ជារៀងរហូតតមក គឺស្ថិតត្រង់ទីតាំងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតសព្វថ្ងៃនេះ។
លុះដល់ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រឹតព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់ចេញព្រះរាជក្រឹត្យលេខ២៦៥ ន.ស. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៥ ត្រាស់បង្គាប់ឱ្យកែប្រែនាម សាលាបាលីជាន់ខ្ពស់ ទៅជាគ្រឹះស្ថានមធ្យមសិក្សានៃព្រះពុទ្ធសាសនា ព្រមទាំងកែប្រែបន្ថែមកម្មវិធីសិក្សាមួយចំនួនឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ក្រោយមកបន្តិច ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ចេញព្រះរាជក្រឹត្យលេខ៣៨៨ ន.ស. ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៥៥ ត្រាស់បង្គាប់អំពីនាមគ្រឹះស្ថានមធ្យមសិក្សានៃព្រះពុទ្ធសាសនា ត្រូវមាននាមថ្មីថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាគ្រឹះស្ថានពុទ្ធិកសិក្សាស្ថិតក្រោមព្រះបរម-រាជូបត្ថម្ភនៃព្រះករុណាជាអម្ចាស់ជីវិតដដែល។ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលសមណសិស្ស/សិស្សកម្រិតពុទ្ធិកមធ្យមសិក្សា រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ក្រោយខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ ក៏ត្រូវបិទទ្វារលែងមានដំណើរទាំងស្រុង។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះពុទ្ធសាសនាក៏បានប្រតិស្ឋានក្នុងកម្ពុជរដ្ឋជាថ្មីម្តងទៀត។ នៅឆ្នាំ១៩៨៩ សាលាពុទ្ធិកបឋមសិក្សាត្រូវបានបើកឱ្យដំណើរការឡើងវិញ។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៣ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សហការជាមួយក្រសួងធម្មការ បានរៀបចំពិធីបើកបវេសនកាលសាលាពុទ្ធិកមធ្យមសិក្សាជាផ្លូវការលើកដំបូង នៅវត្តលង្កា ក្រុងភ្នំពេញ។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៣ អគ្គាធិការដ្ឋានពុទ្ធិកសិក្សា បានរើការសិក្សាចេញពីវត្តលង្កា ចូលមកកាន់ទីតាំងគ្រឹះស្ថានពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងបានបន្តសកម្មភាពបណ្តុះបណ្តាលសមណសិស្ស/សិស្ស កម្រិតពុទ្ធិកមធ្យមសិក្សា (បឋមភូមិ) រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ ទើបបានប្តូរទីតាំងត្រលប់ចូលមកកាន់ទីតាំងដើមវិញ (ទីតាំងបច្ចុប្បន្ន) និងបង្កើនការបណ្តុះបណ្តាលដល់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ រហូតដល់បច្ចុប្បន្ន។
ក្រោយបើកដំណើរការឡើងវិញពីឆ្នាំ១៩៩៣ ដល់ ២០២៦ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានទទួលសមណសិស្ស/សិស្សឱ្យចូលរៀនឆ្នាំសិក្សាថ្មីទាំង ២ ភូមិសិក្សាគឺ៖
*ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ចំនួន ៦១៤១ រូប
*ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ចំនួន ៥៣២០ រូប
*សរុបទាំង ២ ភូមិសិក្សា មានចំនួន ១១៤៦១ រូប។
ក្នុងនោះ សមណសិស្ស/សិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រទាំង ២ ភូមិសិក្សា មាន៖
*សញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ២៤៨០ រូប
*សញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ២៧២០រូប
*សរុបទាំង ២ ភូមិសិក្សា បានប្រឡងជាប់សញ្ញាប័ត្រចំនួន ៥២០០ រូប៕
























































