រដ្ឋមន្ត្រីធម្មការ៖ សង្គហធម៌ទាំង៤ តែងប្រមូលជនទាំងឡាយ ឱ្យមូលមិត្រគ្នាក្នុងសកលលោក
01-04-2026 10:53
(ភ្នំពេញ)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា សង្គហធម៌ទាំង៤ គឺទាន បិយវាចា អត្ថចរិយា និងសមានត្តតា តែងប្រមូលជនទាំងឡាយ ឱ្យមូលមិត្រគ្នាក្នុងសកលលោក។ បើសង្គហធម៌នេះមិនមានហើយ សាមគ្គី គឺការព្រមព្រៀងមូលមិត្រគ្នា ក៏នឹងធ្លុះធ្លាយបែកបាក់ទៅពុំខាន។
លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបុណ្យព្រហ្មទាន រៀបចំដោយពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ ដើម្បីជាគតិក្នុងដំណើរជីវិត លោកបណ្ឌិត ចាយ បូរិន បានដកស្រង់ខ្លឹមសារពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី២៣ លេខ៤ ព.ស.២៤៩៣ គ.ស.១៩៥១ ត្រង់ទំព័រ២៥៦ ស្ដីអំពីសង្គហធម៌ ៤ប្រការ ដែលជាសេចក្ដីបរិយាយរបស់ ព្រះវិន័យធម្ម យូរ ប៉ុណ្ណ មកទូលថ្វាយ ប្រគេន និងជម្រាបជូនថា ទាន៖ ការចែករំលែកឲ្យ, បិយវាចា៖ ការពោលពាក្យពីរោះគួរឲ្យគាប់ចិត្ត, អត្ថចរិយា៖ ការប្រព្រឹត្តឲ្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងសមានត្តតា៖ ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើចំពោះបុគ្គលផងគ្នា។
«ព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរសង្គហធម៌នេះថា ជាកិច្ចយ៉ាងប្រសើរបំផុតក្នុងលោក។ ហេតុដូច្នេះហើយ ការប្រារព្ធពិធីព្រហ្មទានពេលនេះ គឺជាកិច្ចការសំខាន់មួយ ដើម្បីឱ្យពុទ្ធបរិស័ទនិងសប្បុរសជន បានចូលរួមជួយឧបត្ថម្ភទំនុកបំរុង ដល់ការសិក្សារៀនសូត្រគ្រប់អង្គឱ្យទទួលបានជោគជ័យតទៅអនាគត»។ នេះបើតាមការបន្ថែមរបស់លោករដ្ឋមន្ត្រី។
ទស្សនាវដ្ដីកម្ពុជសុរិយា លេខ១ ទំព័រ៣៩២ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៥១ ក្នុងសុន្ទរកថា របស់ព្រះតេជគុណព្រះពោធិវ័ង្ស ហួត តាត អតីតចាងហ្វាងសាលាបាលីជាន់ខ្ពស់ បានធ្វើសេចក្ដីប្រៀបធៀបអំពីទំនាក់ទំនងរវាងសាលាបាលីឬពុទ្ធិកសិក្សា និងពុទ្ធសាសនិកជនដូច្នេះថា៖ «ព្រះមហាក្សត្រ ប្រៀបដូចជាមហាប្រថពី សាលាបាលីជាន់ខ្ពស់ទុកដូចជាព្រឹក្សារុក្ខាលតាជាតិ, ព្រះសង្ឃជាសិស្ស ទុកដូចជាបុប្ផាមានក្លិនក្រអូប ទាយកទាយិកា ទុកដូចជាភមរជាតិ គឺឃ្មុំឬកន្លង់ ដែលតែងតែក្រេបយកលម្អងកេសរនៃបុប្ផាទាំងនោះ»។
ព្រះតេជគុណ ព្រះពោធិវ័ង្ស ក៏បានគូរបញ្ជាក់អំពីបំណងនៃការប្រារព្ធពិធីបុណ្យព្រហ្មទាន មានចំនួន ៣យ៉ាងគឺ៖
*១៖ នឹងនាំចិត្តរបស់សិស្សដែលទើបនឹងប្រឡងជាប់ មានបីតិប្រាមោជ្ជគ្រប់រូបហើយ នឹងបានជាបច្ច័យនាំឲ្យសិស្សទាំងនោះខំអប់រំចំណេះវិជ្ជាឲ្យបានកើនចម្រើនទៅមុខទៀត។
*២៖ សិស្សសាលាគ្រប់ថ្នាក់ក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នឹងសង្វាតឱ្យហាតរៀនសូត្រជាភិយ្យោភាពដោយឥតប្រហែសធ្វេស ដោយសម្គាល់ជឿជាក់ក្នុងចិត្តថា ពុទ្ធបរិស័ទទាំងឡាយមានសេចក្ដីជ្រះថ្លាអបអរសាទរជាច្រើន ចំពោះការរៀនសូត្រព្រះបរិយត្តិធម៌ ដោយយល់ថាការសិក្សាព្រះបរិយត្តិធម៌ ជាកម្លាំងមួយផ្នែក ក្នុងការដឹកនាំសាធារណជនឲ្យពេញចិត្តកើតសេចក្ដីជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបាន។
*៣៖ នឹងបានជាទិដ្ឋានុគតិ គឺជាតម្រាប់តម្រាយ ជាផ្លូវសម្រាប់ពុទ្ធសាសនិកជនដើរតាមទៅក្នុងអនាគត។
លោកបណ្ឌិត ចាយ បូរិន ក៏បានលើកឡើងថា កម្ពុជាយើងបានឆ្លាក់ក្នុងភ្លើងសង្គ្រាម ចាប់តាំងពីឆ្នាំ១៩៧០មក។ ប្រជាជនចាប់ផ្តើមរស់នៅលំបាកវេទនា វត្តអារាមមួយចំនួនដែលស្ថិតក្នុងតំបន់សង្គ្រាមត្រូវបានគេបោះបង់ចោល។ នៅក្នុងសម័យ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥-១៩៧៩ បានបំផ្លាញអ្វីៗចោលទាំងអស់ ដោយបានលុបបំបាត់សាសនា ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យពុទ្ធចក្រដូចជា វត្តអារាម សាលាបាលី ព្រះវិហារ កុដិ ត្រូវបានរបបនេះបំផ្លាញចោល និងខូចខាតស្ទើរគ្មានសល់។ ទោះជាយ៉ាងនេះក្តី ក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរនៅតែមានជំនឿមុតមាំនិងគោរពព្រះពុទ្ធសាសនាជានិច្ច ។
លោកបានបន្ថែមថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ យើងចាប់ផ្ដើមកសាងជាតិឡើងវិញដោយបាតដៃទទេ។ ព្រះពុទ្ធសាសនាក៏ចាប់ផ្តើមរស់រានមានជីវិតឡើងវិញ និងចេះតែរីកចម្រើនជាមួយនឹងការអភិវឌ្ឍគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ ការរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍ សុខដុមរមនា ព្រមជាមួយវប្បធម៌និងអរិយធម៌ថ្កុំថ្កើងរុងរឿង។
នាឱកាសនោះដែរ លោកបណ្ឌិត ចាយ បូរិន បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ធនធានព្រះសង្ឃ ជាអាទិភាព៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ អ្នកប្រាជ្ញលោកបានចាត់ទុកថា សង្គមជាតិណាដែលមានប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា មានព្រះសង្ឃមានចំណេះដឹងខ្ពង់ខ្ពស់ ធ្វើឱ្យសង្គមជាតិនោះមាន សុខសន្តិភាព សណ្តាប់ធ្នាប់ សុខដុមរមនា និងការអភិវឌ្ឍដ៏ល្អប្រសើរជៀសផុតពី អំពើហិង្សា និងការរើសអើងក្នុងសង្គមបាន។
លោកបានបន្ថែមថា នេះជាជោគជ័យ និងជាមោទនភាពរួមរបស់សមណសិស្ស សិស្ស គ្រប់ព្រះអង្គផង ក្រុមគ្រួសារផង និងសង្គមជាតិផង។ សមណសិស្ស-សិស្សគ្រប់ព្រះអង្គ ពិតជាមានសំណាងណាស់ ដែលមានឱកាសបន្តការសិក្សា និងពង្រីកចំណេះដឹងបន្ថែមតាមជំនាញរៀងៗខ្លួន នោះក៏ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញទើបមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
លោកបណ្ឌិត ចាយ បូរិន ក៏បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរៀបចំកម្មវិធីបុណ្យព្រហ្មទានឡើងវិញរបស់សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងព្រះសិរីកោសល សុំ សុខា។ បើតាមសង្ឃដីកាបញ្ជាក់របស់ សម្តេចព្រះមង្គលមុនីរង្សី វត្ថុបំណងគឺដើម្បីរក្សាទំនាក់ទំនងឱ្យកាន់តែស្អិតរមួតរវាងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការរួមចំណែកលើកស្ទួយដល់វិស័យពុទ្ធិកសិក្សាជាតិឱ្យកាន់តែរឹងមាំឡើង ក៏ដូចជាការលើកទឹកចិត្តប្រគេនសមណសិស្សជាប់ជ័យលាភីទាំងអស់ ដែលកំពុងសិក្សាក្នុងឆ្នាំ២០២៥-២០២៦ នាពេលនេះ ជាសមណសិស្ស ដែលមានការខិតខំព្យាយាមសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ។
លោកបានបន្តថា ការប្រារព្ធកម្មវិធីបុណ្យព្រហ្មទាននាពេលនេះ មិនត្រឹមតែបានរំលឹកឡើងវិញនូវកេរដំណែលដ៏ប្រពៃថ្លៃថ្លារបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតពីជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែគឺបានរំលឹកឲ្យឃើញអំពីការយកចិត្តទុកដាក់ ការឧបត្ថម្ភគាំទ្ររបស់ថ្នាក់ដឹកនាំជាតិ ចំពោះវិស័យពុទ្ធិកសិក្សាគ្រប់សម័យកាល។ ជាក់ស្តែង នៅក្នុងឆ្នាំ១៩៥១ សមាគមមិត្តសាលាបាលីបានផ្ដើមធ្វើបុណ្យព្រហ្មទានជាលើកទី៣ ក្រោមព្រះរាជាធិបតីភាព នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រោះពិធីនេះមានតាំងពីសម័យមុនមានសាលាបាលីជាន់ខ្ពស់មកម្ល៉េះ ដែលជំនាន់ការសិក្សាព្រះបរិយត្តិផ្ដុំនៅក្នុងថែវព្រះវិហារព្រះកែវមរកត។ កាលនោះសមណសិស្សដែលប្រឡងដេញប្រយោគជាប់ជា មហា ៣ ប្រយោគ ឬ ៤ ប្រយោគ តែងទទួលព្រះរាជរង្វាន់អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានផ្លិតនឹងត្រៃចីវរជាដើម ហើយក្នុងជំនាន់នោះ ចំណេះវិជ្ជាខាងព្រះពុទ្ធសាសនាគេលើកជាចំណេះវិជ្ជាជាន់ខ្ពស់ក្នុងប្រទេស។
«ដោយយល់ឃើញថា បុណ្យនេះជាកម្មវិធីដ៏វិសេសមួយសម្រាប់ញ៉ាំសេចក្ដីជ្រះថ្លាឲ្យកាន់តែមុតមាំឡើងក្នុងព្រះពុទ្ធសាសនា ជាកេរមរតកដ៏ប្រសើរនៃបុព្វបុរសរបស់យើង ហើយជាសាសនានៃសន្តិភាព ដែលមនុស្សជាតិទាំងមូលតែងត្រូវការទូទៅ មិនតែប៉ុណ្ណោះសោត កម្មវិធីបុណ្យព្រហ្មទាននាពេលនេះជាកិច្ចសម្រាប់ចងរួមនូវចំណងសាមគ្គី រវាងពុទ្ធសាសនិកជនឱ្យជិតស្និទ្ធជាប់លាប់ឋិតថេរឡើង ដើម្បីជាការរួមចំណែកដល់វឌ្ឍនភាពនៃសង្គមជាតិយើងតាមរយៈព្រះពុទ្ធសាសនា»។ នេះបើតាមលោកបណ្ឌិត ចាយ បូរិន៕






















































































