ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
01-04-2026 11:00
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង សេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់កម្លាំងពលកម្មជំនាញ តាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។ លោក ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។
ភាគីទាំងពីរក៏បានពិភាក្សាពីសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ និងពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ដែលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ ដែលអាចជួយបំពេញបន្ថែមទៅលើការណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាបាន។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជា ទៅធ្វើការនៅជប៉ុនបន្ថែមទៀត។
ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធ និងបង្ហាញពីការងារអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយលោកបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕














