ប្រធានខុទ្ទកាល័យ សម្តេច ម៉ែន សំអន ស្នើឲ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យា ក្លាយជាឧបករណ៍ជួយសម្រេចគោលដៅសិក្សា និងអនាគតរបស់ខ្លួន

01-04-2026 11:58

(តាកែវ)៖ លោក ទា ផូលីន ប្រធានខុទ្ទកាល័យ សម្តេចប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយ របស់លោកគ្រូ ឃ្លោក មេន រួមមាន៖ កុំព្យូរទ័រ៥គ្រឿង និងម៉ាស៊ីនព្រីធ័រ១គ្រឿង ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យគិរីវង់ ស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ។

ថ្លែងក្នុងពិធីនោះ លោក ទា ផូលីន ក៏បានលើកឡើងថា សម្ភារៈទាំងនេះ គឺជាការឧបត្ថម្ភពីក្រុមគ្រួសាររបស់ លោកគ្រូ ឃ្លោក មេន អតីតគ្រូបង្រៀន ផ្នែករូបវិទ្យា ថ្នាក់ទី១០ ដែលតែងតែ មានឆន្ទៈចូលរួមលើកស្ទួយវិស័យអប់រំ និងជួយគាំទ្រដល់សាលា ដែលលោកធ្លាប់បម្រើការងារ។ ការចូលរួមនេះ បានបង្ហាញពីទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី។

លោកក៏បានលើកឡើងថា សិស្សានុសិស្សទាំងអស់ ត្រូវចះអភិវឌ្ឍន៍ខ្លួនស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ព្រោះថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្តាញសង្គម បានក្លាយជាឧបករណ៍សំខាន់មួយក្នុងការសិក្សា និងបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះសិស្សានុសិស្សគួរតែប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ឲ្យមានប្រយោជន៍ និងប្រកបដោយការទទួលខុសត្រូវ។

ជាការចែករំលែកនូវបទពិសោធន៍ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវអនុវត្តការប្រើប្រាស់កុំព្យូទ័រ និងអ៊ីនធឺណិតសម្រាប់ស្វែងរកឯកសារ សិក្សាបន្ថែម ការស្រាវជ្រាវ និងការអភិវឌ្ឍជំនាញថ្មីៗ ដែលអាចជួយលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន។ ជាពិសេស គួរប្រើប្រាស់បណ្តាញសង្គមដើម្បីផ្លាស់ប្តូរចំណេះដឹង ចែករំលែកព័ត៌មានល្អៗ និងបង្កើនទំនាក់ទំនងជាវិជ្ជមានជាមួយមិត្តភក្តិ និងសហគមន៍សិក្សា។

សូមប្រើប្រាស់បច្ចេកវិទ្យា ឲ្យក្លាយជាឧបករណ៍ជួយសម្រេចគោលដៅសិក្សា និងអនាគតរបស់ខ្លួន ដោយមានវិន័យ មានគោលបំណងច្បាស់លាស់ និងការយល់ដឹងខ្ពស់។ ជាពិសេស ត្រូវប្រុងប្រយ័ត្នជៀសវាងការប្រើប្រាស់បច្ចេកវិទ្យាដែលអាចប៉ះពាល់ដល់ពេលវេលាសិក្សា ឬបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ដូចជា ការលេងហ្គេមហួសកំណត់ ការចែករំលែកព័ត៌មានមិនត្រឹមត្រូវ ឬការប្រើប្រាស់បណ្តាញសង្គមដោយគ្មានការត្រួតពិនិត្យ។

ជាការឆ្លើយតប លោកស្រី កែវ គឹមស្រាន់ នាយិកាវិទ្យាល័យគិរីវង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសាររបស់លោកគ្រូ ឃ្លោក មេន ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអប់រំ។ លោកស្រីបានបញ្ជាក់ថា សម្ភារៈទាំងនេះ នឹងជួយលើកកម្ពស់គុណភាពការបង្រៀន និងបង្កើនឱកាសសិស្សក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម៕