សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ លី សុង (LI XIONG) ម្ចាស់ក្រុមហ៊ុន Huione ពាក់ព័ន្ធបទល្មើស Online Scam បញ្ជូនទៅចិនវិញ

01-04-2026 12:11

(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនឈ្មោះ លី សុង (LI XIONG) ម្ចាស់ក្រុមហ៊ុន Huione Group បញ្ចូនទៅសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែកន្លងមក។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦៕