រដ្ឋមន្ត្រី ចាយ បូរិន៖ អ្នកប្រាជ្ញបានចាត់ទុកថា សង្គមជាតិណាមានព្រះសង្ឃមានចំណេះដឹងខ្ពង់ខ្ពស់ ធ្វើឱ្យសង្គមជាតិនោះមានសុខសន្តិភាព និងការអភិវឌ្ឍដ៏ប្រសើរ
01-04-2026 12:47
(ភ្នំពេញ)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា «អ្នកប្រាជ្ញលោកបានចាត់ទុកថា សង្គមជាតិណាដែលមានប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា មានព្រះសង្ឃមានចំណេះដឹងខ្ពង់ខ្ពស់ ធ្វើឱ្យសង្គមជាតិនោះមានសុខសន្តិភាព សណ្តាប់ធ្នាប់ សុខដុមរមនា និងការអភិវឌ្ឍដ៏ល្អប្រសើរជៀសផុតពី អំពើហិង្សា និងការរើសអើងក្នុងសង្គមបាន»។
លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបុណ្យព្រហ្មទាន អបអរសមណសិស្សជ័យលាភី ចំនួន១៥៦រូប រៀបចំដោយពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះដែរ លោកបណ្ឌិត ចាយ បូរិន បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ធនធានព្រះសង្ឃ ជាអាទិភាព៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកបានបន្ថែមថា នេះជាជោគជ័យ និងជាមោទនភាពរួមរបស់សមណសិស្ស សិស្ស គ្រប់ព្រះអង្គផង ក្រុមគ្រួសារផង និងសង្គមជាតិផង។ សមណសិស្ស-សិស្សគ្រប់ព្រះអង្គ ពិតជាមានសំណាងណាស់ ដែលមានឱកាសបន្តការសិក្សា និងពង្រីកចំណេះដឹងបន្ថែមតាមជំនាញរៀងៗខ្លួន នោះក៏ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញទើបមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
លោកបណ្ឌិត ចាយ បូរិន ក៏បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរៀបចំកម្មវិធីបុណ្យព្រហ្មទានឡើងវិញរបស់សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងព្រះសិរីកោសល សុំ សុខា។ បើតាមសង្ឃដីកាបញ្ជាក់របស់សម្តេចព្រះមង្គលមុនីរង្សី វត្ថុបំណងគឺដើម្បីរក្សាទំនាក់ទំនងឱ្យកាន់តែស្អិតរមួតរវាងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការរួមចំណែកលើកស្ទួយដល់វិស័យពុទ្ធិកសិក្សាជាតិឱ្យកាន់តែរឹងមាំឡើង ក៏ដូចជាការលើកទឹកចិត្តប្រគេនសមណសិស្សជាប់ជ័យលាភីទាំងអស់ ដែលកំពុងសិក្សាក្នុងឆ្នាំ២០២៥-២០២៦ នាពេលនេះ ជាសមណសិស្ស ដែលមានការខិតខំព្យាយាមសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ។
សូមជម្រាបថា រង្វាន់សម្រាប់សមណសិស្សជ័យលាភី ចំនួន១៥៦រូប រួមមាន៖
*ជ័យលាភីលេខ១៖ មេដាយមាស បណ្ណសរសើរ ចីវរ១ត្រៃ និងថវិកា ៤០០,០០០ ៛ សរុប ៤៦ ឈុត
*ភាសាបាលីលេខ១៖ មេដាយមាស បណ្ណសរសើរ ចីវរ១ត្រៃ និងថវិកា ៤០០,០០០ ៛ សរុប ១៨ ឈុត
*ជ័យលាភីលេខ២ ៖ មេដាយប្រាក់ បណ្ណសរសើរ និងថវិកា ៣០០,០០០៛ សរុប ៤៦ ឈុត
*ជ័យលាភីលេខ៣៖ មេដាយសំរឹទ្ធិ បណ្ណសរសើរ និងថវិកា ២០០,០០០៛ សរុប ៤៦ ឈុត៕






















































































