លោក ហ៊ុន ម៉ានី អញ្ជើញជាវាគ្មិនកិត្តិយសបាឋកថា ចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ «តួនាទីយុវជន និងការបណ្ដុះស្មារតីស្មារតីស្នេហាជាតិ»
01-04-2026 14:16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសបាឋកថាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ «តួនាទីយុវជន និងការបណ្ដុះស្មារតីស្មារតីស្នេហាជាតិ» ដែលរៀបចំដោយក្រុមការងារកម្មវិធី «មនសិការពលរដ្ឋល្អ»។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធី «មនសិការពលរដ្ឋល្អ», លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងក្រុមការងារកម្មវិធី មនសិការពលរដ្ឋល្អថ្នាក់ជាតិ ភ្ញៀវកិត្តិយស និងប្រធានគម្រោងតាមបណ្តារាជធានី-ខេត្តទាំង១២ លោកគ្រូ អ្នកគ្រូ និងប្អូនៗសមាជិកក្លឹបសិក្សានៃកម្មវិធី «មនសិការពលរដ្ឋល្អ» ខេត្តសៀមរាប។
លោកស្រី លាក់ សូម៉ាឡា ប្រធានគម្រោងកម្មវិធីមនសិការពលរដ្ឋល្អ ខេត្តសៀមរាប បានសូមធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញជាវាគ្មិនកិត្តិយសរបស់លោក ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពការងារ និងបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក។
ទន្ទឹមនឹងនោះ លោកស្រីក៏បានគូសបញ្ជាក់ពីគោលបំណង នៃកម្មវិធីមនសិការពលរដ្ឋល្អ គឺចង់បណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បី ក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ នាពេលអនាគត តាមរយៈ បណ្តុះគំនិតច្នៃប្រឌិត ជំនាញទន់ ភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើស ជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់យុវជនកម្ពុជា ផ្តល់ឱកាសឲ្យយុវជនមានការចូលរួម យ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម។
ថ្លែងទៅកាន់អង្គពិធីលោក ហ៊ុន ម៉ានី បានការធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ ប្រធានគម្រោង ក្រុមការងារ គម្រោងទាំង ១២ រាជធានី ខេត្ត ដែលបានដឹកនាំសម្របសម្រួល និងអនុវត្តគម្រោងប្រកបដោយភាពបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ និងជាពិសេស ស.ស.យ.ក. ខេត្តសៀមរាប និងក្រុមការងារគម្រោងនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ខេត្តសៀមរាប ដែលបានសហការរៀបចំបាឋកថានេះឡើង។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏បានរំលេចពីសារៈសំខាន់ នៃមេរៀនមនសិការពលរដ្ឋល្អ ក្នុងការជួយឲ្យយុវជនត្រៀមខ្លួនក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងការផ្ដោតលើការពង្រឹង តួនាទីយុវជន និងការបណ្តុះស្មារតីស្នេហាជាតិ ដើម្បីជាទុនគំនិតសម្រាប់យុវជនយកទៅអនុវត្តបន្តទៅថ្ងៃអនាគត៕


























