លោក វង សូត បន្តសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង នៅក្នុងឃុំជាច ស្រុកកំចាយមារ
01-04-2026 14:25
(ព្រៃវែង)៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ និងបន្តពិនិត្យដំណើរការ សាងសង់ផ្ទះបន្ថែមទៀត ដើម្បីប្រគល់ជូនប្រជាពលក្រីក្រ ក្នុងស្រុកកំចាយមា ខេត្តព្រៃវែង។
ផ្ទះថ្ម១ខ្នងទំហំ ៤.៥០ម៉ែត្រ គុណ៨.៥០ម៉ែត្រ ជារចនាបទក្រពើហារ ប្រកដំបូលស៊ីប្រូស៊ីម៉ង់ ដែលសាងសង់រួចរាល់តាំងពីឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនលោកយាយ សុខ សន អាយុ ៩២ឆ្នាំ ដែលជាជនចាស់ជរាទីទាល់ក្រ និងគ្មានទីពឹង រស់នៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្រោយពីពិធីប្រគល់ផ្ទះ លោកអនុប្រធានទី២រដ្ឋសភា និងលោកស្រី បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នងទៀត ស្ថិតនៅភូមិទួលអង្ក្រង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ផ្ទះដែលកំពុងសាងសង់នេះ នឹងត្រូវប្រគល់ជូនលោកស្រី ញ៉ែម នឿន អាយុ ៧៣ ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត។ ការសាងសង់ផ្ទះថ្មីនេះ គឺមានការចូលរួមកម្លាំង ពីប្រជាពលរដ្ឋស្ម័គ្រចិត្ត និងកម្លាំងប្រជាការពារភូមិ ក្រោមបច្ចេកទេសរបស់ជាងជំនាញ។
លោកបានបញ្ជាក់ថា ការជ្រើសរើសប្រជាពលរដ្ឋក្រីក្រមកទទួលផ្ទះអំណោយនេះ គឺប្រកបដោយតម្លាភាពបំផុត ក្រោមការត្រួតពិនិត្យពីអាជ្ញាធរភូមិឃុំ ដោយមានការបោះឆ្នោតពីប្រជាពលរដ្ឋក្នុងភូមិ ដើម្បីជ្រើសរើសប្រជាពលរដ្ឋក្រីក្រសាកសមនឹងទទួលអំណោយផ្ទះថ្ម១ខ្នងនេះ។
សូមបញ្ជាក់ថា នេះគឺជាផ្ទះទី៤ និងទី៥ គិតចាប់ពីឆ្នាំ២០២៣ ដែលត្រូវបានសាងសង់ និងប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងឃុំជាច ក្រោមសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោក វង សូត និងលោកស្រី។
លោក វង សូត និងលោកស្រី បានសន្យាថា នឹងបន្តសាងសង់ផ្ទះថ្មនេះ ជូនប្រពលរដ្ឋក្រីក្រគ្រប់ៗភូមិ នៃឃុំជាច ស្រុកកំចាយមារ ដោយស្នើឱ្យអាជ្ញាធរភូមិឃុំ បន្តយកចិត្តទុកដាក់ និងជ្រើសរើសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិ ដើម្បីរៀបចំការបោះឆ្នោតឱ្យមានតម្លាភាព ជៀសវាងការអាក់អន់ចិត្តរវវាងគ្នា។
សកម្មភាពដ៏ថ្លៃថ្លារបស់លោក វង សូត អនុប្រធានទី២រដ្ឋសភា មិនត្រឹមតែជាការផ្តល់ជម្រកដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវទឹកចិត្តសប្បុរសធម៌ ការរួមសុខរួមទុក្ខ និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។
នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានភាពប្រសើរឡើងស្របតាមគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល៕




