អភិបាលខេត្តបាត់ដំបង ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសព៦នាក់ (ស្រ្តីមានផ្ទៃពោះ) ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បង្កដោយកូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ
01-04-2026 14:26
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចាត់លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខាស្រុក និងសហការី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ (ស្មើ៣គ្រួសារ និងស្រ្តីម្នាក់មានផ្ទៃពោះ) ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ កូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋចំនួន៥នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយកូនស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើដំណើរត្រឡបមកពីមើលកាប្រគំតន្រ្តី មកដល់ចំណុះបង្គោលគីឡូលេខ២៤៦-២៤៧ ត្រូវបានរថយន្តបុកពីក្រោយនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះលោក ផេង សិទ្ធី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់លោក សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យមានភាពរឹងមាំបន្តប្រកបរបរចិញ្ចឹមជីវិត និងទំនុកបម្រុងក្រុមគ្រួសារ ដើម្បីអនាគតភ្លឺស្វាង និងថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួលបន្ទុកមើលថែ និងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមតទៅមុខទៀត៕





















