អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ជូនដល់គ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី

01-04-2026 14:26

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់ក្រុមគ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលស្វាមីរបស់គាត់ កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់នៅពេលខាងមុខ។ ពិធីនេះ ប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក នួន ផារ័ត្ន អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយកន្លងទៅនេះលោក និងលោកស្រី បានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ក៏ដូចជាការបំពេញភារកិច្ចក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោកបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ លោក នួន ផា រ័ត្ន បានជួយឧបត្ថម្ភបន្ថែមទៀត ដល់ក្រុមគ្រួសារយោធិនមួយចំនួន នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងវរសេនាតូចចំណុះទាំងពីរ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន ៥០,០០០រៀលផងដែរ។

លោក នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគោរពបទបញ្ជា និងវិន័យយ៉ាងមួយម៉ាត់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកទាហានសៀមចូលឈ្លានពានទឹកដីកម្ពុជា ដែលខុសច្បាប់។ ហើយជាមួយនឹងដែរ កងកម្លាំងនៅខាងក្រោយ បានខិតខំយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈ ។

លោកបានផ្សព្វផ្សាយសភាពការណ៍មួយចំនួន ស្ដីពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា ថៃ និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការតស៊ូ ទាំងវិស័យយោធា ក្នុងភារកិច្ចការពារបូរណភាពទឹកដីមិនឱ្យមានការបាត់បង់ ទាំងវិស័យនយោបាយការទូត និងវិធានការនានាតាមផ្លូវច្បាប់ ដើម្បីសន្តិភាពយូរអង្វែង ដូច្នេះយោធិនគ្រប់រូប និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕