ប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំស្នឹង ស្រុកបាណន់ ដែលជួបគ្រោះថ្នាក់ចរាចណ៍ ក្នុងពេលបំពេញបេសកកម្ម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមខេត្តបាត់ដំបង
01-04-2026 14:28
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានចាត់ឱ្យលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងភេជ្ជៈមួយចំនួនផ្តល់ជូនលោកស្រី កឹម គីមអាន អាយុ៤៩ឆ្នាំ មេឃុំស្នឹង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជា ឃុំស្នឹង ដែលជួបគ្រោះថ្នាក់ចរាចណ៍ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើដំណើរចុះប្រមូលទិន្នន័យអំពីផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ មូលដ្ឋានឃុំ។
បច្ចុប្បន្ននេះ លោកស្រី កឹម គីមអាន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ផេង សិទ្ធី បាននាំនូវផ្តាំផ្ញើសួរសុខទុក្ខពីលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបបាទក្រហមកម្ពុជា និងលើកទឹកចិត្ត ព្រមទាំងជូនពរដល់លោកស្រី កឹម គីមអាន ឱ្យឆាប់បានជាសះស្បើយឡើងវិញ ដើម្បីចូលរួមចំណែកបម្រើកិច្ចការងារមនុស្សធម៌ ក្រោមឆត្រកាកបបាទក្រហមកម្ពុជា។
លោកស្រី កឹម គីមអាន មានក្តីរំភើបឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់លោក សុខ លូ ជាពិសសអ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាលរដ្ឋគ្រប់រូប ដោយមិនគិតពីពណ៌សម្បូរ និន្នាការនយោបាយ និងជាតិសាសន៍នោះឡើយ ជាពិសេសកាកបាទក្រហមកម្ពុជា តែងតែនៅជិតប្រជាជនរងគ្រោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕









