អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច និងស្លាកសញ្ញាគម្រោង២កន្លែង នៅស្រុកបាណន់

01-04-2026 14:35

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង១២,០០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅ ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោក សុខ លូ បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ។ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្នកម្ពុជា នៅអាចនាំប្រេងចូលជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានក្រើនរំលឹកចំពោះប្រជាពលរដ្ឋឲ្យយកចិត្តដាក់ថែរក្សាសុខភាព ខណៈពេលកើនឡើងកម្តៅ នារដូវក្តៅនេះ។ ដោយឡែកអាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់ ត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឲ្យបានច្រើន តាមលំនៅឋានទាំងអស់គ្នា។

លោក សុខ លូ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមរាយការណ៍ចំពោះករណីគ្រឿងញៀនដែលកើតឡើងតាមមូលដ្ឋាន តាមកម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ ហើយមានប្រសិទ្ធភាពក្នុងការបង្ក្រាបផងដែរ៕