កម្លាំង​​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូន​ទៅ​តុលាការជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន (Video inside)

01-04-2026 14:39

(កំពង់ស្ពឺ)៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បញ្ជូន​ទៅ​តុលាការជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនាពេលកន្លងមក។

ជាក់ស្តែង​​កាលពីវេលាម៉ោង ៨៖២២នាទីព្រឹក​នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជាស្ត្រី២នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយជនសង្ស័យមានឈ្មោះ ប៊ី​ន ស្រីលាភ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​ និងឈ្មោះ សោម​ រក្សា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោមវិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង ១១៖២១នាទីព្រឹក​ថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបន្តស្រាវជ្រាវ​ កំណត់មុខសញ្ញា ដល់ផ្ទះឈ្មោះ តូច​ តារា ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់បន្ថែមទៀត។

ដោយជនសង្ស័យ​រួមមាន​ឈ្មោះ ប៊ុន គីមហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ,ឈ្មោះ ហួ គីមម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​​​ និងឈ្មោះ តូច តារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរមិនពិប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀន ចំនួន០២កញ្ចប់​ (ទម្ងន់១.៤៣ក្រាម), រថយន្ត​ចំនួន​០១គ្រឿង​, ទូរស័ព្ទចំនួន០៥គ្រឿង, ម៉ូតូចំនួន០២គ្រឿង, ដែកកេះ​ចំនួន០៤ ​និងខ្សៀជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/278305