ទណ្ឌិតសរុប១,២៥៤នាក់ ត្រៀមពិនិត្យសម្រេចស្នើបន្ធូរបន្ថយ និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យវិសាខបូជា ឆ្នាំ២០២៦

01-04-2026 14:40

(ភ្នំពេញ)៖ បញ្ជីឈ្មោះទណ្ឌិតសរុបចំនួន១,២៥៤នាក់ (ស្រី១០៥នាក់) ត្រូវបានពិនិត្យ និងវាយតម្លៃត្រៀមស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា ឆ្នាំ២០២៦។

ក្នុងនោះ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទណ្ឌិតស្នើសុំចំនួន៦៦៨នាក់ (ស្រី៥៣នាក់) និងសម្រាប់ពិធីបុណ្យវិសាខបូជា មានទណ្ឌិតស្នើសុំចំនួន ចំនួន៥៨៦នាក់ (ស្រី៥២នាក់) ដែលសំណើសុំនេះទទួលបានពីពន្ធនាគាររាជធានី ខេត្តចំនួន២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤។

កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។

សូមជម្រាបថា ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត អាចធ្វើឡើង៥ដងក្នុងមួយឆ្នាំ នៅក្នុងឱកាសបុណ្យជាតិ ឬព្រឹត្តិការណ៍ធំៗ ដូចជា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ហើយក៏អាចធ្វើបានក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិផ្សេងទៀតដែរ៕