Fresh News និងតំណាងសារព័ត៌មាន៣០ប្រទេស ចូលរួមសន្និសីទអ្នកសារព័ត៌មានពិភពលោក នៅសាធារណរដ្ឋកូរ៉េ
01-04-2026 14:42
(សេអ៊ូល)៖ Fresh News គឺជាស្ថាប័នសារព័ត៌មានតែមួយគត់ពីប្រទេសកម្ពុជា ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងសន្និសីទអ្នកសារព័ត៌មានពិភពលោក នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយនឹងអ្នកសារព័ត៌មានអន្តរជាតិប្រមាណ ៥០នាក់ មកពី៣០ប្រទេស។
លោក ស្រ៊ឺ រិទ្ធីយ៉ា តំណាងសារព័ត៌មាន Fresh News ត្រូវបានអញ្ជើញដោយ សមាគមអ្នកសារព័ត៌មានកូរ៉េ (JAK) ដែលជាអ្នករៀបចំសន្និសីទ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៣ ខែមេសា ក្រោមប្រធានបទ «សារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ កំឡុងពេលមានវិបត្តិ»។ ការចូលរួមនេះ បង្ហាញពីវត្តមាន និងតួនាទីកាន់តែសំខាន់របស់កម្ពុជា ក្នុងវេទិកាសារព័ត៌មានតំបន់ និងអន្តរជាតិ។
នៅក្នុងឆ្នាំ២០២៦ ជាលើកទី១៤ នៃការរៀបចំសន្និសីទនេះ។ គោលបំណងគឺពិភាក្សាអំពីអនាគតនៃវិស័យសារព័ត៌មាន និងក្រមសីលធម៌វីជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ សន្និសីទនេះក៏ជាវេទិកាសម្រាប់អ្នកសារព័ត៌មានអន្តរជាតិចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ពួកគេ។
កម្មវិធីបើកនៃសន្និសិទីនេះ ត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលសារព័ត៌មានកូរ៉េ (Korea Press Centre) នៅកណ្ដាលទីក្រុងសេអ៊ូល។ ក្នុងពិធីនេះ ប្រធានសមាគមអ្នកសារព័ត៌មានកូរ៉េ លោក Park Jong-hyun ថ្លែងសុន្ទរកថាស្វាគមន៍ បន្ទាប់មកមានសុន្ទរកថាអបអរសាទរពីប្រធានរដ្ឋសភាកូរ៉េ លោក Woo Won-shik និងលេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតី ទទួលបន្ទុកការកិច្ចការទំនាក់ទំនងសាធារណៈ លោក Lee Kyu-youn។ ថ្លែងក្នុងសុន្ទរកថា ពួកគេបានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ចំពោះឯករាជ្យនៃសារព័ត៌មាន សេរីភាពក្នុងការគិត ដែលជាសសរទ្រូងដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។
ប្រធានបទជុំទី១ ស្ដីពី «ចំណុចប្រសព្វនៃលទ្ធិប្រជាធិបតេយ្យ និងសារព័ត៌មាន: តួនាទីសារព័ត៌មានក្នុងពេលមានវិបត្តិ» ត្រូវបានរៀបចំឡើង ដោយផ្តោតលើរបៀបដែលស្ថាប័នសារព័ត៌មានត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃរបៀបទទួលព័ត៌មានរបស់មនុស្សសម័យថ្មី ការស្ដារឡើងវិញនូវជំនឿរបស់សាធារណជនចំពោះសារព័ត៌មាន ការលើកកម្ពស់ភាពចម្រុះក្នុងបន្ទប់ព័ត៌មាន និងតួនាទីសារព័ត៌មានក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
ប្រធានបទជុំទី២ ស្ដីពី «បញ្ញាសិប្បនិម្មិត (AI) ក្នុងបន្ទប់ព័ត៌មាន» ពិភាក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងដំណើរការផលិតព័ត៌មានប្រកបដោយក្រមសីលធម៌ និងភាពជឿជាក់បាន ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹង AI។
លើសពីនេះ មានបាឋកថាពិសេសមួយ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ក្នុងការផលិតវីដេអូសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញយូធូប (YouTube)» ដែលចែករំលែកបទពិសោធន៍ផ្ទាល់លើការប្រើបច្ចេកវិទ្យា AI ក្នុងដំណើរការកាត់តវីដេអូពីដើមដល់ចប់ ពិសេស AI ក្នុងការបំលែងសំឡេងជាអក្សរ និងការបញ្ចូលសំឡេង (transcription and dubbing)។
ក្រៅពីកម្មវិធីសន្និសីទ អ្នកចូលរួមនឹងធ្វើទស្សនកិច្ចតាមទីកន្លែងសំខាន់ៗនៅកូរ៉េខាងត្បូង ដើម្បីស្វែងយល់អំពីការអភិវឌ្ឍសម័យទំនើប និងវប្បធម៌ប្រពៃណី។
អំពីសមាគមអ្នកសារព័ត៌មានកូរ៉េ (JAK) សមាគមអ្នកសារព័ត៌មានកូរ៉េ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៤ និងជាស្ថាប័នវិជ្ជាជីវៈធំបំផុត ដែលតំណាងឱ្យអ្នកសារព័ត៌មាននៅទូទាំងប្រទេសកូរ៉េខាងត្បូង។ សមាគមនេះមានសមាជិកជាង ១០ ០០០ នាក់ ដែលមកពីគ្រឹះស្ថានបោះពុម្ពផ្សាយកាសែត ទូរទស្សន៍ និងសារព័ត៌មានឌីជីថល។
JAK ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងការសហការជាមួយសារព័ត៌មានអន្តរជាតិ។ សមាគមនេះក៏គាំទ្រការអភិវឌ្ឍជំនាញអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងភាពជាដៃគូជាមួយអង្គការអន្តរជាតិ។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹង និងកិច្ចសហការអន្តរជាតិ JAK បានរៀបចំសន្និសីទអ្នកសារព័ត៌មានពិភពលោក (World Journalists Conference) ជារៀងរាល់ឆ្នាំ ដើម្បីឱ្យអ្នកសារព័ត៌មាន និងអ្នកជំនាញពីប្រទេសផ្សេងៗ អាចចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងតួនាទីរបស់សារព័ត៌មានក្នុងសង្គមសម័យថ្មី៕































