ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់១៥គ្រួសារ នៅឃុំតាសែន ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំរៀង

01-04-2026 14:52

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហ មកម្ពុជាស្រុកកំរៀងដែលមាន លោក សុខ ដែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់​សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៥គ្រួសារ មកពីភូមិចំនួន២ក្នុងឃុំតាសែន ក្នុងនោះបណ្ដាលឲ្យរលំទាំងស្រុងចំនួន៣ខ្នងផ្ទះ (៣គ្រួសារ) ប៉ើងតំបូលធ្ងន់ធ្ងរចំនួន៧ខ្នង (៧គ្រួសារ) និងដោយអន្លើរចំនួន៥គ្រួសារ ដែលបានរងផលប៉ះពាល់កន្លងទៅ។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ ក្នុងនាមអនុសាខាស្រុកលោក សុខ ដែន ប្រធានគណៈកម្មាធិការ អនុសាខាស្រុកបានពាំនាំ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោល សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក បាទក្រហម កម្ពុជា និងបានសម្ដែងនូវ ការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។

លោកប្រធាន អនុសាខាបាន បន្តទៀតថាជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

ទន្ទឹមនោះ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំ កូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀតបើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខា អនុសាខាជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ដោយគ្មានការរើសអើងមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនា ឬនិន្នាការ នយោបាយអ្វីឡើយ។

ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរស ជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែង ដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ៥យួរ,ទឹកត្រីនិងទឹកស៊ីអ៉ីវ ១យួរ,និងភេសជ្ជៈ១កេស និងសង្ក័សីមួយចំនួនផងដែរ។