ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា (Video inside)
01-04-2026 15:49
(ភ្នំពេញ)៖ ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោកស្រី Zou Jiayi ប្រកាសប្តេជ្ញាបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា។
ការប្រកាសនេះ បានធ្វើឡើងក្នុងពេលលោកស្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួបនោះ លោកស្រីប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកស្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។
លោកស្រី បានគោរពជម្រាបជូនសម្តេចមហាបវរធិបតី អំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យឯកជន។
លោកស្រី បានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះ មានសង្គតិភាពទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។ លោកស្រី ក៏បានបញ្ជាក់ដែរថា កម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាប្រធានធនាគារ AIIB។ សម្តេចមហាបវរធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។ សម្ដេចមហាបវរធិបតី បានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូននាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕











