វិទ្យាល័យ ជា ស៉ីម ចំរើនរដ្ឋ ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគចំណុះ ២ម៉ឺនលីត្រ ក្រោយទទួលបានជ័យលាភីកម្មវីធី​ «សាលារៀនទឹកភ្លៀង»

01-04-2026 15:49

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ ក្នុងកម្មវីធីប្រកួតប្រជែង​ «សាលារៀនទឹកភ្លៀង» កាលពីឆ្នាំ២០២៥ វិទ្យាល័យ ជា ស៉ីម ចំរើនរដ្ឋ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ បានទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាត ដែលមាន គុណភាពខ្ពស់ រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងសុខភាព នៅក្នុងសហគមន៍ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយ និរន្តរភាព។

ពិធីប្រគល់ និងទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកសាស្ត្រចារ្យ ពុធ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកសាស្ត្រាចារ្យ មូយ៉ុង ហាន ស្ថាបនិក Rain for All និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ដើម្បីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ នៅតាមសាលាគោលដៅទាំងអស់ ត្រូវឆ្លងកាត់ការប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាពបំផុត។ ខណៈនៅឆ្នាំ២០២៦នេះ គម្រោងបានរកឃើញសាលារៀនចំនួន១០ ហើយ ដើម្បីបំពាក់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ។ ខណៈវិទ្យាល័យ ជា ស៉ីម ចំរើន គឺជាសាលារៀនទី១ ក្នុងចំណោមសាលារៀនទាំង១០ ដែលទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគចំណុះ ២ម៉ឺនលីត្រ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ការផ្តល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីប្រមូលទឹកភ្លៀងយកមកប្រើប្រាស់វិញ ដើម្បីទទួលបានទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ ការបង្កើតទស្សនវិជ្ជាស្រឡាញ់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសកាត់បន្ថយការចំណាយរបស់កូនសិស្សលើថ្លៃទិញទឹកបរិសុទ្ធជាដើម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គម្រោងកសាងសាលារៀនទឹកភ្លៀង គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សដែលជាយុវជន ដើម្បីបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់អរិយធម៌ខ្មែរតាំងពីសម័យអង្គរ ដែលបុព្វបុរសខ្មែរ បានផ្សារភ្ជាប់ជីវិតរស់នៅជាមួយនឹងប្រភពទឹកជានិច្ច។ ចំពោះគម្រោងទាំង១០សាលារៀន សម្រាប់ឆ្នាំ២០២៦នេះ គឺបានចុះបញ្ជីក្នុងរបស់អង្គការសុខភាពពិភពលោករួចហើយ។

លោកសាស្ត្រចារ្យ ពុធ សាមិត្ត បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមលើកម្ពស់សុខុមាលភាពសិស្សានុសិស្សកម្ពុជា នឹងចូលរួមចំណែកពង្រីក ពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកក៏សម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាល័យ ជា ស៉ីម ចំរើនរដ្ឋ ដែលបានចូលរួមប្រកួតប្រជែងរហូតទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២៥។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានរម្លឹកដល់សិស្សានុសិស្សសូមចូលរួមថែមទាំសមិទ្ធផលប្រព័ន្ធប្រមូលទឹកភ្លៀងនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ជាសេសការទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀង ជាការចូលរួមចំណែកមួយកាត់បន្ថយការចំណាយថវិការបស់សាលារៀន សិស្សានុសិស្សលើការចំណាយថ្លៃទឹកស្អាតសម្រាប់បរិភោគជាដើម។

ចំណែកសាស្ត្រចារ្យ មូយ៉ុង ហាន បានបង្ហាញក្តីសង្ឃឹមថា សាលារៀនទឹកភ្លៀងនឹងក្លាយជានិមិត្តរូប នៃមិត្តភាពកម្ពុជា និងកូរ៉េ និងជាគំរូដែលជំរុញទឹកចិត្តសម្រាប់មនុស្សគ្រប់រូប នៅជុំវិញពិភពលោក។

អ្នកជំនាញជនជាតិកូរ៉េរូបនេះ បានបន្ថែមថា សាលារៀនទឹកភ្លៀង គឺជាចំណុចចាប់ផ្តើម និងចក្ខុវិស័យមួយរបស់កម្ពុជា ក្នុងការបង្កើតសាលារៀនទឹកភ្លៀងឱ្យបាន ១០០០កន្លែងនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះចំណុនេះ គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីធ្វើឱ្យវិស័យនេះធ្វើដំណើរប្រកបដោយនិរន្តភាព ត្រូវមានធាតុផ្សំចំនួន៣ ទី១៖ គំរូហិរញ្ញវត្ថុ ដែលអាចឱ្យពង្រីកសាលារៀនជាបន្តបន្ទាប់, ទី២៖ ការរចនា ស្តងដារប្រតិបត្តិការ ដើម្បីធានានូវគុណភាពទឹកស្អាត និងអាចទុកចិត្តបាន និងទី៣៖ ប្រព័ន្ធផ្គត់ផ្គង់មានភាពរឹងមាំ សម្រាប់ធានាប្រតិបត្តិការ និងថែទាំ ដែលដឹកនាំ និងមានការចូលរួមសហការដោយផ្ទាល់ពីសហគមន៍។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០សាលានៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។ គោលបំណងសហការសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។

គម្រោងនេះ ក៏ដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។

គួរជម្រាបថា តាមរយៈគម្រោងនេះភាគីកម្ពុជា និងកូរ៉េខាងត្បូងនឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕