ក្រសួងបរិស្ថាន បន្តទប់ស្កាត់ទឹកកខ្វក់កើនឡើងជាង ២៦លានម៉ែត្រគូប ចាប់ពីឆ្នាំ២០២៥
01-04-2026 15:54
(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ៦ ៣៩៣ ៥០០ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែកនៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០លានម៉ត្រែគូប។
សរុបមកគិតចាប់ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង២៦លាមម៉ត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦នេះដដែល រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យ ចំនួន ៦៨ទីតាំង។
ក្រសួងបរិស្ថាន សូមថ្លែងងំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលបានចូលរួម ចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ក្រសួងបរិស្ថានសូមធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុន រោងចក្រនានា ដែលមានសក្តានុពលប្រភពបំពុល ចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីចូលរួមទប់ស្កាត់ ការបំពុលទឹក ដី និងខ្យល់ ធានាការពារបានគម្របបៃតងឱ្យមានការកើនឡើងច្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព៕
















