* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជួយឆ្លុះបញ្ចាំងពីតថភាពសង្គម និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល

01-04-2026 15:59

(សៀមរាប)៖ លោក កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា អ្នកសារព័ត៌មានជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជួយឆ្លុះបញ្ចាំងពីតថភាពសង្គម និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកព័ត៌មានពិត ច្បាស់លាស់ និងទាន់ហេតុការណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងយ៉ាងដូច្នេះរបស់លោក កៅ អ៊ីមរ៉ន សិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៨៥ ប្រក.ព.ម ស្តីពីការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងប្រកាសលេខ ២៩៤ ប្រក.ព.ម ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនចូលរួមផងដែរ។

លោកបានបន្តថា សម្រាប់ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះធម្មនុញ្ញវិជ្ជាជីវៈ គឺជាត្រីវិស័យសីលធម៌ ដែលជួយឱ្យបងប្អូនដើរលើផ្លូវត្រឹមត្រូវ ជៀសផុតពីការផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។ សម្រាប់លក្ខខណ្ឌគុណវុឌ្ឍិ គឺជាខ្នាតវាស់វែងសមត្ថភាព ដើម្បីធានាថា អ្នកសារព័ត៌មានយើងមានចំណេះដឹងពិត ចេះវិភាគ ចេះប្រើបច្ចេកវិទ្យា និងមានភាពអាជីពខ្ពស់។

លោក កៅ អ៊ីមរ៉ន បញ្ជាក់ថា លោកចង់ឱ្យព័ត៌មានដែលចេញពីអ្នកសារព័ត៌មានយើង គឺជាព័ត៌មានដែល «ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណា ក៏ទទួលបាន» ដូចអ្វីដែលក្រសួងព័ត៌មានតែងតែប្រកាន់ខ្ជាប់។ ក្នុងនោះដែរ លោកក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងក្នុងសិក្ខាសាលានេះ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងន័យលើកកម្ពស់សេរីភាពសារព័ត៌មាន និងការការពារសុវត្ថិភាពខ្លួនឯងក្នុងអាជីពផងដែរ។

លោក សុខ ថុល បានលើកឡើងថា វិស័យព័ត៌មានក្នុងខេត្តសៀមរាប បានដើរតួនាទីយ៉ាងសំខាន់ប្រៀបបានដូចជាសរសៃបេះដូង ដែលកំណត់ជោគវាសនានៃខេត្ត និងប្រទេសជាតិទាំងមូល។ លោកបន្តថា ខេត្តសៀមរាប មិនត្រឹមតែជាគោលដៅទេសចរណ៍ និងវប្បធម៌មួយមុខទេ ប៉ុន្តែជាចរន្តសេដ្ឋកិច្ច និងមុខមាត់របស់ប្រទេសកម្ពុជាផងដែរ។

លោកបានបន្តថា កន្លងមករដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នានាជាច្រើន ដោយបានសហការជាមួយមន្ទីរព័ត៌មានខេត្ត ក្នុងការផ្សាយផ្ទាល់ និងបន្តផ្ទាល់នូវរាល់ព្រឹត្តិការណ៍ធំៗ ដែលបានរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជា៖ សកម្មភាព និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលផងដែរ។

លោក សុខ ថុល បន្ថែមថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការផ្សព្វផ្សាយព័ត៌មានចេញពីខេត្តរបស់យើង មិនត្រឹមតែសម្រាប់ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែជាបង្អួចសម្រាប់ពិភពលោកក្នុងការចាប់អារម្មណ៍ វាយតម្លៃ និងផ្តល់ការទុកចិត្តខ្ពស់មកលើកម្ពុជា។ សព្វថ្ងៃនេះ មានមនុស្សតិចតួចណាស់ ដែលនៅបន្តទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដូចជា៖ ទូរទស្សន៍ វិទ្យុ និងកាសែត ខណៈដែលប្រជាជនភាគច្រើន បានក្លាយទៅជាអ្នកនិយមលេងអ៊ីនធឺណេត និងបានចាត់ទុកបណ្តាញសង្គម ដូចជា៖ Facebook TikTok និង YouTube ជាប្រភពផ្តល់ព័ត៌មានដ៏គួរឱ្យទុកចិត្តសម្រាប់ពួកគេ។

លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានអង្គភាពសារព័ត៌មានដែលកំពុងចរាចរណ៍ចំនួន ៤២អង្គភាព ក្នុងនោះ មានស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តចំនួន ២៩ស្នាក់ការ និងមានភ្នាក់ងារយកព័ត៌មានសរុប ២១៣នាក់ ស្រី២៧នាក់។

លោកបានបន្តថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ថ្វីត្បិតតែលទ្ធផលអនុវត្តន៍មានការឆ្លើយតបល្អប្រសើរក្តី ប៉ុន្តែមន្ទីរ ក៏នៅតែជួបបញ្ហាប្រឈមមួយចំនួន ដោយការគ្រប់គ្រងអ្នកសារព័ត៌មាន នៅមិនទាន់មានភាពល្អប្រសើរ។ ដោយសារអ្នកសារព័ត៌មានមួយចំនួន ឆ្លៀតឱកាសជ្រកក្រោមស្លាកជាអ្នកសារព័ត៌មាន ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ហើយអង្គភាពមួយចំនួន នៅមិនទាន់មកបំពេញតាមលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាននៅឡើយ។

ជាមួយនេះ លោកបញ្ជាក់ថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ មន្ទីរបានលើកទិសដៅសម្រាប់អនុវត្តន៍បន្ត រួមមាន៖ បន្តរៀបចំសិក្ខាសាលា, វគ្គបណ្តុះបណ្តាល, ជំនួបអ្នកសារព័ត៌មានជាប្រចាំខែ បន្តជំរុញអង្គភាពព័ត៌មាន មកបំពេញតាមលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព។ ព្រមទាំងសហការជាមួយអង្គភាពព័ត៌មានក្នុងខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត៕