សម្តេចប្រធានរដ្ឋសភា៖ សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ

01-04-2026 16:04

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសវនាការជាមួយគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី។ ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយក៏ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។

លោក វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។

នៅក្នុងឱកាសនោះ សម្តេចបន្តថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលសម្រេចបានស្ទើរតែទាំងស្រុង ហើយនោះជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាមរតកសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។ សម្តេចមានជំនឿមុតមាំថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងកាន់តែរឹងមាំ រីកចម្រើន ឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ៧០០ លានដុល្លារ នៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឲ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀតខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។