* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា៖ ផ្លូវបេតុងថ្មី២ខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ និងកាត់បន្ថយការកកស្ទះ ក្នុងតំបន់អង្គរ

01-04-2026 16:50

(សៀមរាប)៖ តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធរូបវ័ន្តជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួនពីរខ្សែ ដែលទើបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វើដំណើរ ក៏នឹងរួមចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។

អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន២ខ្សែនៅក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប៣០១០ម៉ែត្រ បានបើកឱ្យទេសចរ និងប្រជាពលរដ្ឋទូទៅអាចប្រើប្រាស់ ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

ផ្លូវបេតុងដែលមានទទឹង៦ម៉ែត្រ និងកម្រាស់២០សង់ទីម៉ែត្រនេះ គឺមួយខ្សែប្រវែង២១៨០ម៉ែត្រ ចេញពីមុខខ្លោងទ្វារដីឆ្នាំងនៃអតីតក្រុងអង្គរធំ កែងនិងផ្លូវទិសខាងជើងប្រាសាទព្រះខ័ន ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឆ្ពោះទៅដល់ផ្លូវបំបែកទៅឃុំពាក់ស្នែងនៃស្រុកអង្គរធំ និងមួយខ្សែទៀតប្រវែង៨៣០ម៉ែត្រ ចេញពីស្ពានក្រាំងក្រូច ឆ្ពោះទៅភូមិថ្នល់បណ្ដោយនៃឃុំព្រះដាក់ស្រុកបន្ទាយស្រី។

លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងទាំងពីរខ្សែនេះ គឺមានប្រយោជន៍ជាច្រើន ដូចជា ការជួយបញ្ចៀសការកកស្ទះចរាចរណ៍ នៅមុខប្រាសាទព្រះខ័នខាងលិច ផ្តល់ជម្រើសបន្ថែមក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិការបស់ពលរដ្ឋ។

លោកបញ្ជាក់ទៀតថា លើសពីផលប្រយោជន៍ខាងលើនេះ ផ្លូវបេតុងទាំងពីរខ្សែនេះ ក៏នឹងរួមចំណែកផ្ដល់បទពិសោធន៍ថ្មី ដល់ដំណើរទស្សនាក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា លើការរៀបចំហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធ ក្នុងគោលដៅត្រៀម ខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលទេសចរក្នុងបរិមាណច្រើនលាននាក់ អាចនឹងលើសជាងមុនសម័យកូវីដ១៩ ជាពិសេស នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រសើរឡើងនាពេលខាងមុខ។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្លូវថ្នល់ បានឱ្យដឹងថា ការកសាងផ្លូវបេតុងនៅមុខ ខ្លោងទ្វារដីឆ្នាំងនេះឡើង គឺធ្វើនៅលើផ្លូវចាស់ឱ្យក្លាយទៅជាផ្លូវថ្មីឡើងវិញ។ ក្នុងទស្សនៈជួយសម្រួលដល់ចរាចរណ៍ប្រចាំថ្ងៃផង និងជួយកែលម្អសោភ័ណភាពទីក្រុងបុរាណផង។

លោក សុខ សូសិលា បានសង្កត់ធ្ងន់ថា នៅរៀងរាល់រដូវបុណ្យទាន អាជ្ញាធរជាតិអប្សរា តែងសម្គាល់ឃើញផ្លូវចន្លោះពីមុខខ្លោងទ្វារដីឆ្នាំង រហូតផ្លូវខាងលិចប្រាសាទព្រះខ័ន តែងស្ទះចរាចរណ៍។ ដោយសារតែមើលឃើញបញ្ហាទាំងនេះហើយ ទើបថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រៀបចំកែលម្អជាផ្លូវថ្មីនេះឡើង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋក្នុងតំបន់ត្រូវធ្វើដំណើរចាំបាច់ទៅមន្ទីរពេទ្យ ក្នុងករណីមានអ្នកជំងឺ ឬស្រ្តីមានផ្ទៃពោះសង្គ្រោះទាន់វេលា។

អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងស្ដារផ្លូវថ្នល់ឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានកាន់តែប្រសើរឡើង។ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកសាង និងកែលម្អផ្លូវថ្នល់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សរុបប្រវែងជាង២១២គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំងនោះ មានប្រភេទជាផ្លូវដីក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម៕