សិក្ខាសាលាOnline ស្តីពី «ការសិក្សានៅប្រទេសឥណ្ឌា និងអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ២០២៦-២០២៧» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
01-04-2026 20:38
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) សហការជាមួយ សមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា (CamSai) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិតដោយជោគជ័យស្តីពី «ការសិក្សានៅប្រទេសឥណ្ឌា និងអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ២០២៦-២០២៧»។
សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិតនេះធ្វើឡើងចាប់ពីម៉ោង ១៣៖៣០ដល់១៦៖៣០ (ម៉ោងនៅកម្ពុជា) ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ រ័ត្ន ម៉ានី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា, លោកបណ្ឌិត តានូ ព្រីយ៉ា អនុប្រធានបេសកកម្មនៃស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដែលបានថ្លែងសុន្ទរកថាបើក, លោក នង រិទ្ធី នាយកប្រតិបត្តិនៃ CamStudent, លោក ហុក ឈៀងឃី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជានៅឥណ្ឌា, និងលោកស្រី ស្រ៊ុន ស្រីនីន ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសឥណ្ឌា រួមជាមួយវាគ្មិនកិត្តិយស តំណាងស្ថាប័នដៃគូ និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឥណ្ឌា និងការចូលរួមយ៉ាងទូលំទូលាយពីមន្ត្រីរាជការ និងសាធារណជន។
សិក្ខាសាលាតាមអ៊ីនធឺណិតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូននិស្សិតកម្ពុជានូវការណែនាំដ៏ត្រឹមត្រូវ ជាក់ស្តែង និងទូលំទូលាយអំពីឱកាសអប់រំកម្រិតឧត្តមសិក្សានៅក្នុងប្រទេសឥណ្ឌា ជាពិសេសកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា។ តាមរយៈបទបង្ហាញលម្អិត និងវគ្គចែករំលែកបទពិសោធន៍ អ្នកចូលរួមទទួលបានការយល់ដឹងច្បាស់លាស់អំពីប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សារបស់ឥណ្ឌា អត្ថប្រយោជន៍អាហារូបករណ៍ នីតិវិធីដាក់ពាក្យ លក្ខណៈវិនិច្ឆ័យជ្រើសរើស យុទ្ធសាស្ត្ររៀបចំ និងជីវិតនិស្សិតនៅក្នុងប្រទេសឥណ្ឌា។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែពង្រឹងការតម្រង់ទិសសិក្សា និងការលើកទឹកចិត្តរបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការបង្កើនកិច្ចសហប្រតិបត្តិការអប់រំ ការបង្កើតបណ្តាញសិក្សា និងការតភ្ជាប់ប្រជាជនទៅប្រជាជនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌាផងដែរ។
សូមជម្រាបថា សិក្ខាសាលានេះ មានអ្នកចុះឈ្មោះចូលរួមប្រមាណ ២៥០នាក់ និងនិស្សិតនៅតាមសាកលវិទ្យាល័យដែលចូលរួមបានប្រមូលផ្តុំនិស្សិតប្រមាណ ១,០០០នាក់ ខណៈដែលការផ្សាយផ្ទាល់បានទៅដល់អ្នកទស្សនាជាង ២,៧០០នាក់ (2.7k) ដែលធ្វើឱ្យចំនួនអ្នកចូលរួមសរុបមានប្រមាណ ៤,៥០០នាក់ទូទាំងប្រទេស៕






