ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សេចក្តីប្រកាសព័ត៌មានរួមពីលទ្ធផលនៃការផ្សព្វផ្សាយពីស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាព មិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ

01-04-2026 20:54

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃការផ្សព្វផ្សាយពីស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាព មិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។ ក្នុងគោលបំណងដើម្បីលើកកម្ពស់យុទ្ធនាការជំរុញទេសចរណ៍ ដោយការកសាងទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកមកទស្សនាកម្ពុជា តាមរយៈយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ។

ពិធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងអង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានចំនួនប្រមាណ៤០០នាក់ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

តាមរយៈពិធីផ្សព្វផ្សាយនេះ ក្រសួងព័ត៌មានបានបញ្ជាក់ពីតួនាទីក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដោយឈរលើមូលដ្ឋាននៃ៖

ទី១. ការការពារបរិយាកាសព័ត៌មានឱ្យស្អាតស្អំ ដើម្បីសន្តិភាព និងស្ថិរភាពសង្គមកម្ពុជា

ទី២. ការជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីកសាងទំនុកចិត្តអន្តរជាតិ ក៏ដូចជាទាក់ទាញការវិនិយោគ និងទេសចរណ៍មកកម្ពុជា

ទី៣. ការលើកកម្ពស់ការទូតព័ត៌មានតាមរយៈប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋម្នាក់ដើរតួនាទីជា អ្នកទទួលព័ត៌មាន និងជាអ្នកផ្សព្វផ្សាយព័ត៌មាន។ ដូច្នេះរាល់ការចែករំលែក គឺមានសក្តានុពលក្នុងការបង្ហាញរូបភាពកម្ពុជាទៅកាន់ពិភពលោក

ទី៤. ការបំលែងការប្រឆាំងព័ត៌មានក្លែងក្លាយ ទៅជាយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយត្រូវជំរុញការកសាងកិត្យានុភាព និងកេរ្តិ៍ឈ្មោះកម្ពុជា (Branding Cambodia) តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ពិភពលោក អំពីវប្បធម៌ អរិយធម៌ដ៏អស្ចារ្យ និងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដែលជាកម្លាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ

ទី៥. ព័ត៌មានពិតថ្ងៃនេះ គឺជាកំណើនសេដ្ឋកិច្ច និងទេសចរណ៍ថ្ងៃស្អែក ពីព្រោះភាពជឿជាក់លើ ព័ត៌មាន គឺជាការការពារឱកាសការងារ ការពារចំណូលពីទេសចរណ៍ និងការពារកំណើនសេដ្ឋកិច្ចជាតិ

ទី៦. ទន្ទឹមនេះដែរ ក្រសួងព័ត៌មានសូមអំពាវនាវឱ្យសាធារណជនទាំងអស់ចូលរួមបង្កើត «វប្បធម៌ ព័ត៌មានទទួលខុសត្រូវ» តាមរយៈ៖ (១) កុំចែករំលែកព័ត៌មានដែលមិនប្រាកដ (២) កុំឱ្យព័ត៌មានក្លែងក្លាយបំផ្លាញមុខមាត់ និងសេដ្ឋកិច្ចកម្ពុជា (៣) ចូលរួមផ្សព្វផ្សាយភាពពិត និងភាពស្រស់ស្អាត សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ប្រទេសយើង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរួមរបស់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍៖