ក្រសួងការបរទេសចិន៖ ការបញ្ជូនខ្លួនជនសង្ស័យឆបោកអនឡាញ Li Xiong ម្ចាស់ក្រុមហ៊ុន Huione ទៅកាន់ប្រទេសចិនវិញ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយកម្ពុជា

01-04-2026 22:16

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានចាត់ទុកការចាប់បញ្ជូនខ្លួនជនជាតិចិនឈ្មោះ លី សុង (Li Xiong) ដែលត្រូវបានគេស្គាល់ជាម្ចាស់ក្រុមហ៊ុន Huione និងជាបក្ខពួករបស់លោក Chen Zhi ប្រធានក្រុមហ៊ុន Prince Group ពីកម្ពុជាទៅកាន់ប្រទេសចិន ថា​ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី ម៉ៅ នីង នៅថ្ងៃទី០១ មេសានេះ បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងតាមអនឡាញ និងអំពើឆបោកតាមទូរគមនាគមន៍ គឺជាការទទួលខុសត្រូវរួមគ្នារបស់សហគមន៍អន្តរជាតិ។ កន្លងមក ប្រទេសចិនបានសហការយ៉ាងសកម្មជាមួយកម្ពុជា និងប្រទេសដទៃទៀត ដើម្បីបង្ក្រាបបទល្មើសឆបោក និងល្បែងស៊ីសងឆ្លងដែន ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់»។

លោកស្រីបានសង្កត់ធ្ងន់បន្ថែមថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជិតខាង រួមទាំងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ គោលដៅនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាការថែរក្សាសណ្តាប់ធ្នាប់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់៕