ដំណើរទស្សនកិច្ចរបស់ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជាពន្លឺនៃកិច្ចសហប្រតិបត្តិការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
02-04-2026 11:10
(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ លោកស្រី Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានអញ្ជើញចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
Fresh AI បានឱ្យដឹងថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលផ្តោតលើការផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទ្វីបអាស៊ី មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង និងមានសមាជិកស្ថាបនិកចំនួន ៥៧ប្រទេស។
ធនាគារនេះមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព លើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី តាមរយៈការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពផ្សេងៗទៀត។
គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ធនាគារ AIIB បានអនុម័តគម្រោងចំនួន ៣១៩ គម្រោងជាមួយនឹងទំហំហិរញ្ញប្បទានសរុបជាង ៦០ពាន់លានដុល្លារអាមេរិក និងចំណាយដើមទុនលើសពី ២០០ពាន់លានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់សមាជិកចំនួន៣៨ ទាំងនៅក្នុង និងនៅក្រៅតំបន់អាស៊ី។ កម្ពុជា ក៏ជាសមាជិកស្ថាបនិកមួយរូបផងដែរ និងបានទទួលបាន ៦២៣ភាគហ៊ុនក្នុងធនាគារ AIIB នេះ។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជាប្រភពទុនដ៏សំខាន់សម្រាប់ការអនុវត្តន៍គោលនយោបាយខ្សែក្រវាត់ និងផ្លូវ របស់ចិន ដើម្បីជំរុញការតភ្ជាប់នៅតំបន់អាស៊ី អឺរ៉ុប និងតំបន់ដទៃទៀត។
តាមរយៈធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានផ្តល់ទុនជាច្រើនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមានផ្លូវ និងស្ពាន។ ចិន ជាប្រទេសដែលបានគាំទ្រហិរញ្ញវត្ថុជិត៣ពាន់លានដុល្លារអាមេរិក ជួយកសាងផ្លូវ និងស្ពាននៅកម្ពុជា។ តាមរយៈការគាំទ្រនេះ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រទាក់ក្រឡាគ្នា។
ដំណើរទស្សនកិច្ចនៅកម្ពុជា របស់ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនាពេលនេះ គឺជាសញ្ញាល្អមួយសម្រាប់កម្ពុជា ក្នុងការសម្រេចនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដែលកម្ពុជាត្រូវការជាចាំបាច់ ដើម្បីសម្រេចមហិច្ឆតាអភិវឌ្ឍន៍ប្រែក្លាយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ។
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកស្រី បានបញ្ជាក់ថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕












