មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យអង្គភាពក្រោមចំណុះបង្កើនការពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ
02-04-2026 11:49
(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពក្រោមចំណុះក្រសួង បង្កើនការពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ តាមរយៈការបន្តជំរុញការងារកំណែទម្រង់ធនធានមនុស្សក្រសួងមហាផ្ទៃ។
ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី«ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ដោយអគ្គនាយកដ្ឋានធនធានមនុស្ស ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom សរុបប្រមាណ៧០០រូប។
នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកធនធានមនុស្ស បានគូសបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលដៅពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ សេចក្ដីថ្លៃថ្នូរជំនឿទុកចិត្ត និងកិត្តិយសរបស់មន្ត្រីរាជការ, លើកកម្ពស់ប្រសិទ្ធភាពការងារ ឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ក្នុងការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងបង្កើនសមត្ថភាព និងគុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងជំរុញឱ្យមានការប្រព្រឹត្តអំពើល្អក្នុងការបំពេញភារកិច្ច ព្រមទាំងលើកកម្ពស់កាតព្វកិច្ច និងមនសិការស្នេហាជាតិរបស់មន្ត្រីរាជការ ដើម្បីធានាឱ្យមានភាពស្មោះត្រង់និងភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃបាននិងកំពុងធ្វើកំណែទម្រង់ធនធានមនុស្សស៊ីជម្រៅ ដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ រួមមានមន្ដ្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ដោយទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ជាអាទិ៍៖១- មន្ត្រីរាជការមានវិន័យ និងស្មារតីទទួលខុសត្រូវកាន់តែប្រសើរឡើង,២- ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ(SOP) តាមតម្រូវការអង្គភាពសាមីនីមួយៗ និងទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ,៣- ការគ្រប់គ្រងវត្តមាន និងការសុំច្បាប់ឈប់សម្រាក ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និង៤- ការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ទោះបីជាយ៉ាងនេះក្តី នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ក៏បានសង្កេតឃើញថា ទោះបីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក្តី នៅតែមានមន្ត្រីរាជការមួយចំនួនតូចមិនទាន់បានគោរពវិន័យបានម៉ឺងម៉ាត់ ដូចជាអវត្តមាន អាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារនិងតាមបណ្ដាញទំនាក់ទំនងសង្គម និងការស្លៀកពាក់ឯកសណ្ឋានមិនត្រឹមត្រូវ ជាដើម។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីរីករាយនិងការកោតសរសើរចំពោះ អគ្គនាយកដ្ឋានធនធានមនុស្ស និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការខិតខំប្រឹងប្រែងក្នុងការពង្រឹងវិន័យ និងគ្រប់គ្រងធនធានមនុស្សទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងលទ្ធផលនេះ លោកអភិសន្តិបណ្ឌិត និង លោកសន្តិបណ្ឌិត បានឯកភាពគាំទ្រ និងបន្តជំរុញការងារកំណែទម្រង់ធនធានមនុស្សក្រសួងមហាផ្ទៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានកំណត់យក«មនុស្ស» ជាអាទិភាពគន្លឹះទី១ដែលមន្ត្រីរាជការជាតួអង្គស្នូលដ៏សំខាន់ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើសំខាន់ៗដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តពង្រឹងវិន័យ និងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ ដូចខាងក្រោម៖
១- បន្តយកចិត្តទុកដាក់ពង្រឹងវិន័យដល់មន្ត្រីរាជការក្រោមឱវាទបន្ថែមទៀត។
២- បន្តគ្រប់គ្រងវត្តមានមន្ត្រីរាជការមកបំពេញការងារប្រចាំថ្ងៃឱ្យបានម៉ឺងម៉ាត់ តាមប្រព័ន្ធកម្មវិធីវត្តមាន ក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
៣- ពង្រឹងការអនុវត្តទណ្ឌកម្មខាងវិន័យដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្អែកលើអង្គហេតុដែលមន្ត្រីរាជការបានប្រព្រឹត្តល្មើសវិន័យ និងអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
៤-លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
៥- ពង្រឹងការត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋានក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ។
បន្ថែមពីនេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកទឹកចិត្តនិងជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស បន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមនសិការខ្ពស់ក្នុងការសហការ ដឹកនាំ ដើម្បីអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តតាមតួនាទីភារកិច្ចរៀងៗខ្លួននិងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង
មហាផ្ទៃ ឱ្យសម្រេចបានជោគជ័យ៕


























