ក្រសួងផែនការ ចុះពង្រឹងការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សុខភាព និងបញ្ញាស្មារតីពលរដ្ឋ
02-04-2026 11:53
(ពោធិ៍សាត់)៖ ក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ «ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ» និងការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ នៅសាលប្រជុំសណ្ឋាគារច័ន្ទមណ្ណីសុខសាន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងអាជីវករផលិត និងចែកចាយអំបិលជាច្រើនរូប។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា បញ្ហាអាហារូបត្ថម្ភ គឺជាកត្តាចម្បងដែលជះឥទ្ធិពលដោយផ្ទាល់ ដល់សុខុមាលភាព និងការរីកចម្រើននៃធនធានមនុស្សនៅក្នុងខេត្ត។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ ជាពិសេសការជំរុញឱ្យប្រជាពលរដ្ឋ យល់ដឹងពីការបរិភោគអាហារ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជាក់ស្តែងការប្រើប្រាស់អំបិលអ៊ីយ៉ូដ គឺជាវិធានការដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការជំងឺកង្វះសារធាតុអ៊ីយ៉ូដ ដែលអាចប៉ះពាល់ដល់ការលូតលាស់រាងកាយ និងបញ្ញាស្មារតីរបស់កុមារ»។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ និងអាជីវករ ឱ្យបានជ្រួតជ្រាបអំពីបទដ្ឋានគតិយុត្តិ។
លោករដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកកម្ពស់អាហារូបត្ថម្ភ ជាអាទិភាពជាតិ។ ការអនុវត្តអនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ គឺជារបងគតិយុត្តិដ៏សំខាន់ ដើម្បីធានាថា រាល់អំបិលដែលចរាចរលើទីផ្សារសម្រាប់បរិភោគ ត្រូវតែមានជាតិអ៊ីយ៉ូដត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស។
លោក កង សូសាទី ក៏សូមស្នើដល់អង្គសិក្ខាសាលា ត្រូវរួមគ្នាបញ្ចប់បញ្ហាកង្វះជាតិអ៊ីយ៉ូដ ដើម្បីធានាបាននូវកម្លាំងពលកម្មដែលមានសុខភាពល្អ និងវៃឆ្លាតសម្រាប់អនាគតជាតិ។
ដើម្បីឱ្យសិក្ខាកាមកាន់តែយល់ច្បាស់ អង្គសិក្ខាសាលាបានលើកយកមេរៀន និងបទបង្ហាញសំខាន់ៗមកផ្សព្វផ្សាយ រួមមាន៖
ទី១-យុទ្ធសាស្ត្រ និងគោលនយោបាយរាជរដ្ឋាភិបាល៖ បង្ហាញពីផែនការមេ ក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភថ្នាក់ជាតិ។ទី២-សារៈសំខាន់ និងផលប៉ះពាល់៖ ពន្យល់ពីអត្ថប្រយោជន៍នៃជាតិអ៊ីយ៉ូដ និងគ្រោះថ្នាក់ដែលបណ្តាលមកពីកង្វះជាតិអ៊ីយ៉ូដ (ដូចជាជំងឺពកក ភាពយឺតយ៉ាវនៃបញ្ញាស្មារតី និងបញ្ហាសុខភាពមាតានិងទារក)។
ទី៣-ជាតិអ៊ីយ៉ូដក្នុងធម្មជាតិ៖ យល់ដឹងអំពីប្រភពនៃជាតិអ៊ីយ៉ូដ និងកត្តាចាំបាច់ដែលត្រូវបំពេញបន្ថែមតាមរយៈអំបិលអ៊ីយ៉ូដ។
ទី៤-ខ្លឹមសារអនុក្រឹត្យលេខ ៦៩៖ ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិស្តីពីការគ្រប់គ្រងអាជីវកម្មអំបិលអ៊ីយ៉ូដ ដើម្បីឱ្យអាជីវករ និងមន្ត្រីអនុវត្តច្បាប់បានជ្រួតជ្រាប និងចូលរួមអនុវត្តតាម។
អង្គសិក្ខាសាលាក៏បានរៀបចំវេទិកាសំណួរ-ចម្លើយយ៉ាងផុលផុស ដើម្បីស្វែងរកបញ្ហាប្រឈមជាក់ស្តែងដែលជួបប្រទះនៅតាមមូលដ្ឋាន ព្រមទាំងអនុញ្ញាតឱ្យសិក្ខាកាមដោះដូរយោបល់ និងដាក់ចេញនូវផែនការសកម្មភាព ដើម្បីជំរុញឱ្យការប្រើប្រាស់អំបិលអ៊ីយ៉ូដ ទទួលបានជោគជ័យ១០០% ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល៕
















































