ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នារបស់សមាគមអង្គការឥស្លាមមិនមែនរដ្ឋាភិបាល

02-04-2026 12:09

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នារបស់សមាគម អង្គការឥស្លាមមិនមែនរដ្ឋាភិបាល» នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានសមាគម អង្គការឥស្លាម ចំនួនសរុប២៥០នាក់ មកពីរាជធានី ខេត្តទូទាំងប្រទេស។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាពគ្នាបន្ថែមទៀត ក្នុងគោលដៅតែមួយ គឺការអភិវឌ្ឍសហគមន៍ បង្កើតជាបណ្តាញមួយក្នុងការទទួល និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនាខាងមុខ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំជាមួយថ្នាក់ដឹកនាំសមាគម និងអង្គការឥស្លាម ក្នុងកិច្ចប្រជុំដែលមានសារៈសំខាន់ នាថ្ងៃនេះដែលនេះ គឺជាឱកាសដ៏វិសេសវិសាល ដើម្បីយើងរួមគ្នាពិនិត្យមើលបច្ចុប្បន្នភាព និងការកំណត់ទិសដៅ ដើម្បីឧត្តមប្រយោជន៍សហគមន៍ឥស្លាមនៅកម្ពុជា។

លោកបានបន្តថា ថ្ងៃនេះ គឺជាថ្ងៃដែលបានមកជួបជុំគ្នាជាថ្មីម្តងទៀត បន្ទាប់ពីធ្លាប់បានធ្វើកិច្ចប្រជុំពិភាក្សាដ៏ធំមួយ កាលពីអំឡុងឆ្នាំ២០២០ កន្លងទៅនៅទៅស្តីការគណៈរដ្ឋមន្ត្រី ដែលកាលណោះលោកចាំបានយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព ដែលមានការចូលរួមយ៉ាងច្រើនកុះករពីតំណាងសមាគម និងអង្គការឥស្លាម ប្រមាណជាង៥០០អង្គភាព ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍។

ទេសរដ្ឋមន្ត្រីបានបន្តថា យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ កម្ពុជាមានសមាគម និងអង្គការចុះបញ្ជីសរុបចំនួន៦,៥៧១អង្គភាព ដែលក្នុងនោះមានសមាគម និងអង្គការឥស្លាមជាង៣០០អង្គភាព ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម លើវិស័យសំខាន់ៗ ដូចជា អប់រំ សុខាភិបាល មនុស្សធម៌ សង្គមកិច្ច និងលើវិស័យផ្សេងៗទៀតជាច្រើន។

ទេសរដ្ឋមន្ត្រី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះស្មារតីមនុស្សធម៌ដ៏មោះមុតរបស់បងប្អូនទាំងអស់ ដែលបានខិតខំកៀរគរជំនួយពីបណ្តាប្រទេសឥស្លាម និងមិត្តភក្តិលើពិភពលោក ដើម្បីមកកសាងសមិទ្ធផលជាច្រើន រួមមាន៖ សាលារៀន វិហារឥស្លាម សូរ៉ាវ គម្រោងវ៉ាកហ្វ (គរុភណ្ឌ) អណ្តូងទឹកស្អាត បង្គន់អនាម័យ ការបរិច្ចាគទ្រព្យហ្សាកាត់ កញ្ចប់អាហារស្រាយបួស និងការផ្តល់អាហារូបករណ៍ ជូនដល់សិស្សនិស្សិតមានជីវភាពខ្វះខាត នៅតាមសហគមន៍ជាដើម។ សកម្មភាពទាំងនេះ បង្ហាញថាបងប្អូន គឺជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរ តំណាងសមាគម អង្គការ មានមតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ដែលអាចឲ្យទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួយសម្របសម្រួលឲ្យបានកាន់តែល្អប្រសើររវាងរដ្ឋ និងអង្គការសង្គមស៊ីវិលឥស្លាម បង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធ និងមានតម្លាភាពជាមួយរាជរដ្ឋាភិបាល និងធានាឲ្យបាននូវប្រយោជន៍រួមដ៏ពិតប្រាកដសង្គមជាតិទាំង៕