ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា ប្តេជ្ញាខិតខំកៀរករអ្នកវិនិយោគសិង្ហបុរី មកវិនិយោគនៅកម្ពុជា
02-04-2026 12:53
(ភ្នំពេញ)៖ លោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង ក្នុងការកៀរករអ្នកវិនិយោគ របស់សិង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ការប្តេជ្ញារបស់លោកទូត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរចំពោះលោក ផាង ឈីវី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា។
សម្តេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោក ផាង ឈីវី មកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃសិង្ហបុរី ចំពោះទំនាក់ទំនងជាមួយកម្ពុជា។
នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត ផាង ឈីវី បានសម្ដែងនូវការអរគុណជាអនេក ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកបានជួបជូនសារតាំងនៅក្នុងឱកាសនេះ។
លោកបានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នាដែលកាលពីឆ្នាំ២០២៥ កន្លងទៅប្រទេសទាំងពីរបានប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទួតផ្លូវការជាមួយគ្នា ហើយដំណើរទស្សនកិច្ចនៃការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញ ទៅមករវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី។
លោកក៏បានលើកឡើងផងដែរថា នៅក្នុងអាណត្តិការងាររបស់លោក លោកនឹងខិតខំប្រឹងប្រែងក្នុងការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះសង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់លោក លោកនឹងខិតខំប្រឹងប្រែង ក្នុងការកៀរករអ្នកវិនិយោគ របស់សិង្ហបុរី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងផ្នែកទំនាក់ទំនងប្រជាជន និងប្រជាជនក៏ដូចគ្នាដែរ។
លោកនឹងខិតខំប្រឹងប្រែង និងពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស្អិតល្មួតតាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរទស្សនាប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានសម្ដែងការពេញចិត្តចំពោះការលើករបស់លោកអគ្គរដ្ឋទូតថ្មី ចំពោះការប្តេជ្ញាចិត្តរបស់លោក ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ ឯកភាព និងការលើកឡើងរបស់លោកទូត ចំពោះការផ្លាស់ប្ដូរនៃទស្សនកិច្ចជាញឹកញាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីររវាងគ្នា គឺបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានទស្សនកិច្ចនៅសិង្ហបុរីនៅឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីរបស់សិង្ហបុរី បានមកទស្សនកិច្ចនៅកម្ពុជាឆ្នាំ២០២៥។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ គឺជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងសិង្ហបុរី។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះសិង្ហបុរី ដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលនូវធនធានមនុស្សក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏អរគុណសិង្ហបុរី ដែលបានចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃ។ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯករដ្ឋទូតសិង្ហបុរីថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន ជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពរយៈពេលយូរអង្វែង ហើយកម្ពុជានៅតែរក្សាការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី បំពេញបេសកកម្មនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេស គឺពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន៕















